ពេញមួយថ្ងៃនៃថ្ងៃទី៣១ ខែធ្នូ ដែលជាថ្ងៃឆ្លងឆ្នាំសកល មានយានយន្តជិត៣ម៉ឺនគ្រឿងបានធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។

ពេញមួយថ្ងៃនៃថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដែលជាថ្ងៃមានការធ្វើដំណើរសម្រាប់ការកម្សាន្តនានាក្នុងពេលឆ្លងឆ្នាំសកល ២០២៣ ឈានចូលឆ្នាំ២០២៤ ការធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានភាពមមាញឹកច្រើន ដែលមានយានយន្តចំនួន ២៨,៨៦១ គ្រឿងបានធ្វើដំណើរលើផ្លូវល្បឿនលឿននេះ ដែលចំនួននេះគឺមានការកើនឡើងប្រមាណ ១ម៉ឺនគ្រឿង ខណៈដែលថ្ងៃអាទិត្យធម្មតាជាទូទៅមានចំនួនយានយន្តប្រមាណ ១ម៉ឺន៩ពាន់គ្រឿងធ្វើដំណើរ។ នេះបើតាមឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤នេះ។
ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ បានបន្ថែមថា ខែធ្នូ ឆ្នាំ២០២៣កន្លងទៅនេះ គឺជាខែដែលមានចរាចរណ៍ខ្ពស់ជាងគេ ក្នុងឆ្នាំ ២០២៣ ដែលមានចំនួនរហូតដល់ទៅ ៤៥,៨ម៉ឺនគ្រឿង។ ឯកឧត្តមបញ្ជាក់ថា បើគិតមួយឆ្នាំពេញនៃឆ្នាំ២០២៣ គឺមានយានយន្តជាង ៤,៩លានគ្រឿងបានធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។

ការធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺជាការធ្វើចរាចរណ៍ទៅមកសម្រាប់ភ្នំពេញ-កំពង់ស្ពឺ ភ្នំពេញ-ស្រែអំបិលនៃខេត្តកោះកុង និងភ្នំពេញ-ព្រះសីហនុផ្ទាល់។ ជាមួយគ្នានេះក្នុងនាមក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ បានអំពាវនាវដល់អ្នកដែលធ្វើដំណើរលើផ្លូវល្បឿនលឿនទាំងអស់ សូមគោរពច្បាប់ចរាចរណ៍ កុំបើកបញ្ច្រាស ដែលនាំឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតខ្លួនឯង និងអ្នកដទៃ សូមបើកតាមល្បឿនកំណត់ និងមិនលើសល្បឿន ១២០គីឡូម៉ែត្រក្នុងមួយម៉ោង៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា
