ក្រសួងការពារជាតិស៊ីរី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ៊ីស្រាអែល បានកំណត់គោលដៅលើទីតាំងយោធាអ៊ីរ៉ង់ នៅក្នុងទីក្រុងអាឡិបប៉ូ(Aleppo) របស់ប្រទេសស៊ីរីជាមួយនឹងការវាយប្រហារតាមអាកាស។
ក្រសួងការពារជាតិ បានឲ្យដឹងទៀតថា៖«អ៊ីស្រាអែល បានអនុវត្តការឈ្លានពានតាមអាកាសពីទិសដៅនៃសមុទ្រមេឌីទែរ៉ាណេ ភាគខាងលិចនៃទីក្រុងឡាតាគៀ (Latakia) ដោយផ្តោតលើចំណុចមួយចំនួននៅភាគខាងត្បូងនៃទីក្រុងអាឡិបប៉ូ»។
ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បាននិយាយថា យុទ្ធជនគាំទ្រអ៊ីរ៉ង់ ១៩នាក់ រួមទាំងជនជាតិស៊ីរី ៤នាក់ និងអ៊ីរ៉ាក់៦ នាក់ ត្រូវបានសម្លាប់ និង ១៨នាក់ បានរងរបួសនៅក្នុងការវាយប្រហារតាមអាកាសយ៉ាងហោចណាស់៩លើក។ ក្រុមឃ្លាំមើលនេះ បានបន្ថែមថា ការវាយប្រហារ បានកំណត់គោលដៅទីតាំងយោធា ការដឹកជញ្ជូនអាវុធពីអ៊ីរ៉ាក់ និងឃ្លាំងស្តុកគ្រាប់រំសេវ។
អ៊ីស្រាអែលកម្រធ្វើអត្ថាធិប្បាយលើការវាយប្រហារបុគ្គលសំដៅទៅលើប្រទេសស៊ីរី ប៉ុន្តែបាននិយាយម្តងហើយម្តងទៀតថា ខ្លួននឹងមិនអនុញ្ញាតឲ្យអ៊ីរ៉ង់ ដែលគាំទ្ររដ្ឋាភិបាលរបស់ប្រធានាធិបតីស៊ីរី លោក បាសា អាល់អាសាដ (Bashar al-Assad) ពង្រីកវត្តមានរបស់ខ្លួន នៅទីនោះឡើយ។ អ្នកនាំពាក្យយោធាអ៊ីស្រាអែល បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ៕

