ខណៈពិធីឆ្លងឆ្នាំថ្មីឆ្នាំសកល ២០២៤ ត្រូវបានបញ្ចប់ដោយភាពសប្បាយរីករាយ ក្រុមអាជីវករលក់ដូរផ្នែកម្ហូបអាហារ បានឲ្យដឹងប្រហាក់ប្រហែលគ្នាថា គ្រប់មុខទំនិញបានលក់ដាច់អស់ច្រើន បើធៀបទៅនឹងថ្ងៃធម្មតាកើនឡើងប្រហែល ៥០%។

ផ្ដល់សម្ភាសន៍ផ្ទាល់ដល់ទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២៤នេះ ក្រុមអាជីករផ្សារឈូកមាស និងផ្សារីករាយ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ បានលើកឡើងថា ដោយសារពិធីឆ្លងឆ្នាំសកល និងមានការជួបជុំក្រុមគ្រួសារ សាច់ញាតិ ធ្វើឲ្យការលក់ដូរកាក់កបគួរសម និងលក់ដាច់អស់លឿនជាងថ្ងៃធម្មតាដែលមិនមែនបុណ្យទាន។ ពួកគាត់បាននិយាយស្រដៀងគ្នាទៀតថា ការលក់ដាច់នេះ ក៏ដោយសារប្រទេសជាតិមានសុខសន្តិភាព ទើបធ្វើឲ្យមានការរៀបចំកម្មវិធីនានាជាបន្តបន្ទាប់ និងមានការជួបជុំក្រុមគ្រួសារ មិត្តភ័ក្តិ និងសាច់ញាតិជិតឆ្ងាយប្រកបដោយភាពសប្បាយរីករាយ។

ក្រុមអាជីករផ្សារ សង្ឃឹមថា នៅឆ្នាំ២០២៤នេះ ការប្រកបមុខរបររកស៊ី នឹងកាន់តែកាក់កបជាងពេលមុនៗ ខណៈជំងឺកូវីដ១៩ មានភាពល្អប្រសើរច្រើន និងសង្ឃឹមទៀតថា ឆ្នាំថ្មីនេះនឹងនាំមកនូវភាពសម្បូរសប្បាយ រុងរឿង ជាពិសេសការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នៃរដ្ឋសភា ធ្វើឲ្យប្រទេសជាតិកាន់តែរីកចម្រើន និងរក្សានិរន្តរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលវែងជាមួយនឹងកំណែទម្រង់កាន់តែស៊ីជម្រៅ៕ អត្ថបទ៖ ឈិត បូរ៉ាវី




