ផែនការចរចាសន្តិភាពថ្មីមួយ បានធ្វើឲ្យមានក្តីសង្ឃឹមនៃបទឈប់បាញ់ឡើងវិញ ជាមួយនឹងសំណើ ដើម្បីប្រមូលផ្តុំមេដឹកនាំ នៅតំបន់វេសបែង( West Bank) និង តំបន់ហ្កាហ្សា សម្រាប់បទឈប់បាញ់ជាអចិន្ត្រៃយ៍។

ផែនការបីដំណាក់កាលនេះ កំពុងប្រឈមនឹងការប្រឆាំងយ៉ាងតឹងរ៉ឹងពីក្រុមប៉ាឡេស្ទីន ប៉ុន្តែនៅមិនទាន់ត្រូវបានគេបដិសេធជាផ្លូវការទេ បើទោះបីជាត្រូវបានគេលើកដំបូងប្រហែលមួយសប្តាហ៍មុនក៏ដោយ។
ផែនការនេះពាក់ព័ន្ធនឹងបទឈប់បាញ់រយៈពេលពីរសប្តាហ៏ និងអាចពង្រីកបាន ដើម្បីអនុញ្ញាតឲ្យមានការដោះដូរចំណាប់ថ្នូរអ៊ីស្រាអែល និងអ្នកទោសប៉ាឡេស្ទីនដំបូង។

ដំណាក់កាលទីពីរមានគោលបំណងបង្រួបបង្រួមអ្នកនយោបាយប៉ាឡេស្ទីនដែលបែកបាក់គ្នា ដើម្បីគ្រប់គ្រងតំបន់ហ្កាហ្សា និងតំបន់វេសបែង ជាមួយនឹងរដ្ឋាភិបាលដែលមានជំនាញបច្ចេកទេស ហើយទីបីនឹងនាំឲ្យមានបទឈប់បាញ់ចុងក្រោយ។
សំណើ ដែលបានត្រូវបានធ្វើឡើងជាមួយអ្នកសម្រុះសម្រួលអេហ្ស៊ីប និងកាតា មិនបានបំពេញតាមការទាមទាររបស់អ៊ីស្រាអែល និងប៉ាឡេស្ទីន។ វាមិនបំពេញគោលដៅសំខាន់របស់អ៊ីស្រាអែល ក្នុងការរុះរើក្រុមហាម៉ាសទាំងស្រុងទេ ហើយវាណែនាំឲ្យដោះលែងចំណាប់ថ្នូរនៅតំបន់ហ្កាហ្សាមុនពេលបទឈប់បាញ់ជាអចិន្ត្រៃយ៍ដែលផ្ទុយនឹងលក្ខខណ្ឌសំខាន់របស់ប៉ាឡេស្ទីន។