ថ្មីៗនេះ សមាគមវេជ្ជសាស្រ្ដទួរគី បានព្រមានអំពីការកើនឡើងដែលអាចកើតមាននៃជំងឺគ្រុនផ្តាសាយពាសពេញប្រទេស ដោយជំរុញឱ្យប្រជាជនពាក់ម៉ាស់តាមមធ្យោបាយដឹកជញ្ជូនសាធារណៈ។

ក្រុមវេជ្ជសាស្រ្ដនេះបាននិយាយនៅក្នុងលិខិតព្រមានមួយផ្ញើទៅកាន់ក្រសួងសុខាភិបាលក្នុងសប្តាហ៍នេះថា មាន «ភាពខ្លាំងមិនធម្មតា» នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យទូទាំងប្រទេសដោយសារតែការរីករាលដាលនៃជំងឺផ្តាសាយ។

វេជ្ជបណ្ឌិតម្នាក់ៗនៅមជ្ឈមណ្ឌលគ្រួសារមើលថែអ្នកជំងឺយ៉ាងតិចណាស់ ១០០នាក់ ដែលមានរោគសញ្ញាគ្រុនផ្តាសាយក្នុងមួយថ្ងៃក្នុងទីក្រុងអ៊ីស្តង់ប៊ុល នេះបើយោងតាមសមាគមវេជ្ជសាស្រ្ដ។ សមាគមក៏បានជំរុញដល់អាជ្ញាធរពាក់ព័ន្ធត្រូវចែកម៉ាស់ដោយមិនគិតថ្លៃ និងផ្សព្វផ្សាយពីការប្រើប្រាស់ម៉ាសក្នុងយានជំនិះសាធារណៈ។

អ្នកជំនាញសុខភាពទួរគីម្នាក់ក៏បានព្រមានកាលពីថ្ងៃសៅរ៍ថា ជំងឺគ្រុនផ្តាសាយកំពុងរីករាលដាលពាសពេញប្រទេសទួរគី។ លោកបានជំរុញឲ្យប្រជាពលរដ្ឋពាក់ម៉ាស់ក្នុងផ្ទះ គោរពច្បាប់អនាម័យ និងចៀសវាងការបញ្ជូនកុមារឈឺទៅសាលារៀន រហូតដល់ខែឧសភា ជាពេលដែលជំងឺផ្តាសាយនឹងធូរស្រាលដោយសារតែអាកាសធាតុក្តៅ៕