រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអាទិត្យ (៣១ ធ្នូ) ថាអ៊ីស្រាអែលបានត្រៀមខ្លួនដើម្បីអនុញ្ញាតឱ្យកប៉ាល់ផ្តល់ជំនួយ «ភ្លាមៗ» ទៅកាន់តំបន់ហ្កាហ្សាស្ទ្រីប ដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្រ្គាម និងជាផ្នែកនៃច្រករបៀងសមុទ្រដែលបានស្នើឡើងពីប្រទេសកោះស៊ីប។

ក្រោមការរៀបចំដែលបានស្នើឡើងដំបូងដោយរដ្ឋធានីនីកូស៊ី (Nicosia) ក្នុងខែវិច្ឆិកា ទំនិញនឹងឆ្លងកាត់ការត្រួតពិនិត្យសន្តិសុខនៅក្នុងកំពង់ផែ ស៊ីប នៃទីក្រុងឡាណាកា (Larnaca) មុនពេលត្រូវបានដឹកតាមសាឡាងទៅកាន់ឆ្នេរសមុទ្រហ្កាហ្សា ដែលមានចំងាយ ៣៧០គីឡូម៉ែត្រ ជាជាងឆ្លងកាត់ប្រទេសជិតខាងអេហ្ស៊ីប ឬអ៊ីស្រាអែល។

ប្រសិនបើផែនការនេះដំណើរការទៅមុខ វានឹងបង្ហាញពីការបន្ធូរបន្ថយដំបូងនៃការបិទផ្លូវរបស់កងទ័ពជើងទឹកអ៊ីស្រាអែល ដែលបានដាក់លើតំបន់ហ្កាហ្សា ក្នុងឆ្នាំ២០០៧ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធអ៊ីស្លាមហាម៉ាស បានដណ្តើមកាន់កាប់តំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន។

អ៊ីស្រាអែលបានពណ៌នាច្រករបៀងនេះថាជាមធ្យោបាយនៃការបញ្ចប់ទំនាក់ទំនងស៊ីវិលរបស់ខ្លួនទៅកាន់តំបន់ហ្កាហ្សា ជាទីដែលខ្លួនបានធ្វើការវាយលុករយៈពេល ១២សប្តាហ៍ក្នុងការសងសឹកចំពោះការសម្លាប់ឆ្លងព្រំដែន និងការចាប់ជំរិតដោយខ្មាន់កាំភ្លើងក្រុមហាម៉ាស។
ដោយមានជនស៊ីវិលប៉ាឡេស្ទីនរាប់សែននាក់ត្រូវភៀសខ្លួន និងប្រឈមមុខនឹងការខ្វះខាតយ៉ាងធ្ងន់ធ្ងរនៃសម្ភារៈសំខាន់ៗ គំនិតជំនួយផ្លូវទឹកនេះក៏អាចក្លាយជាលទ្ធផលមួយនៃការប្រជុំសេចក្ដីសម្រេចក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី២២ ខែធ្នូ ដែលអំពាវនាវឱ្យមានការពង្រីកយន្តការជំនួយមនុស្សធម៌៕