បាល់ទាត់៖ បន្ទាប់ពីរកឃើញបេក្ខភាព ១២ក្រុមត្រូវឡើងជុំទី៣ នៃវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2022 និងជាបេក្ខភាពឡើងជុំចុងក្រោយនៃពានរង្វាន់ AFC Asian Cup China 2023 នៅប្រទេសចិន សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានធ្វើការកំណត់រូបមន្ដប្រកួតវគ្គជម្រុះជុំទី៣ នៃពានរង្វាន់ទ្វីបអាស៊ីនេះរួចហើយ ខណៈក្រុមជម្រើសជាតិកម្ពុជាត្រូវឆ្លងកាត់ការប្រកួត Play-Off ដើម្បីប្រជែងកៅអីវគ្គជម្រុះជុំទី៣ នេះ។
គួរបញ្ជាក់ថា ក្រោយបញ្ចប់ការប្រកួតជម្រុះជុំទី២ នៃពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០២២ និងពានរង្វាន់ជើងឯកអាស៊ីឆ្នាំ២០២៣ ក្រុមលេខ១ នៃពូលទាំង ៨ និងក្រុមលេខ២ ល្អជាងគេ ៥ក្រុមបានកក់កៅអីជុំទី៣ និងជុំចុងក្រោយនៃពានរង្វាន់ទាំងពីរ។ ចំណែកក្រុមនៅសល់រួមមានក្រុមលេខ២ អន់បំផុត ៣ក្រុម, ក្រុមលេខ៣ និងក្រុមលេខ៤ នៃពូលនីមួយៗសរុប ១៦ក្រុម និងក្រុមលេខ៥ ល្អបំផុត ៣ក្រុមត្រូវឈរចាំក្នុងជុំទី៣ នៃការប្រកួតជម្រុះជើងឯកអាស៊ី។ ដោយឡែកក្រុមលេខ៥ អន់បំផុតរួមមានក្រុមជម្រើសជាតិឥណ្ឌូនេស៊ី កម្ពុជា ឆាយនីសតៃប៉ិ និងក្រុមកោះហ្គាំត្រូវលេង Play-Off ដើម្បីប្រជែងកៅអីបង្គ្រប់ជុំទី៣ នៃការប្រកួតជម្រុះជើងឯកទ្វីបអាស៊ីដែលមាន ២២ក្រុមកំពុងឈរចាំ។ ប៉ុន្ដែតាមរយៈចំណាត់ថ្នាក់ក្នុងការប្រកួតជម្រុះជុំទី២ ក្នុងចំណោមបេក្ខភាព ៤ក្រុមត្រូវលេង Play-Off ឥណ្ឌូនេស៊ី និងកម្ពុជាឈរលេខ១ និងលេខ២ ស្ថិតក្នុង Pot-1 ខណៈក្រុមឆាយនីសតៃប៉ិ និងកោះហ្គាំឈរលេខ៣ និងលេខ៤ ស្ថិតក្នុង Pot-2។
ដោយហេតុនេះ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ីនឹងរៀបចំការចាប់ឆ្នោត ដើម្បីប្រកួតវគ្គ Play-Off នាពេលឆាប់ៗខាងមុខ ដោយកម្ពុជាអាចនឹងត្រូវជួបក្រុមឆាយនីសតៃប៉ិ ឬកោះហ្គាំ។ ចំពោះកាលបរិច្ឆេទប្រកួត Play-Off គ្រោងប្រកួតជើងទី១ នាថ្ងៃទី៧ ខែកញ្ញា និងជើងទី២ ប្រកួតនាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ខាងមុខ។ សម្រាប់ក្រុមទទួលបានជ័យជម្នះក្នុងការប្រកួតនេះ នឹងឡើងទៅបង្គ្រប់កៅអី ២៤ក្រុមនៃជុំទី៣ ដើម្បីបន្ដការប្រកួតជម្រុះ និងដណ្ដើមកៅអីជុំចុងក្រោយនៃពានរង្វាន់ជើងឯកទ្វីបអាស៊ីឆ្នាំ២០២៣។ គួរបញ្ជាក់ថា ចំពោះការប្រកួតជម្រុះជុំទី៣ នៃព្រឹត្តិការណ៍បាល់ទាត់ប្រចាំទ្វីបអាស៊ី ៤ឆ្នាំម្ដងនេះនឹងត្រូវបែងចែកជា ៦ពូល ក្នុងមួយពូលមាន ៤ក្រុមដើម្បីធ្វើការប្រកួតសន្សំពិន្ទុចាប់ពីថ្ងៃទី១ ខែកុម្ភៈរហូតដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីចម្រាញ់រកក្រុមខ្លាំង ១ក្រុមឡើងទៅបង្គ្រប់កៅអីជុំចុងក្រោយនៃពានរង្វាន់ជើងឯកអាស៊ីឆ្នាំ២០២៣ នៅចិន។ សម្រាប់ក្រុមដែលមានសិទ្ធឡើងជុំចុងក្រោយនេះគឺក្រុមឈរលេខ១ នៃពូលទាំង ៦ និងក្រុមលេខ២ ល្អជាងគេចំនួន ៥ក្រុម។ រីឯការប្រកួតជុំចុងក្រោយនៅចិន គ្រោងធ្វើឡើងពីថ្ងៃទី១៦ ខែមិថុនារហូតដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ៕
អត្ថបទ៖ លី ឈុនឡា