រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក David Cameron បាននិយាយកាលពីថ្ងៃអាទិត្យថា លោកបានបញ្ជាក់យ៉ាងច្បាស់ នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក ហ៊ូសេន អាមីរ៉ាប់ឌូឡាហៀន (Hossein Amirabdollahian) ថា អ៊ីរ៉ង់មានចំណែកការទទួលខុសត្រូវចំពោះការទប់ស្កាត់ការវាយប្រហាររបស់ក្រុមហួទី នៅសមុទ្រក្រហម។

លោកបាននិយាយនៅក្នុងការបង្ហោះនៅលើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា៖«ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ថា អ៊ីរ៉ង់មានចំណែកការទទួលខុសត្រូវចំពោះការទប់ស្កាត់ការវាយប្រហារទាំងនេះ ដោយបានផ្តល់ការគាំទ្រដ៏យូរអង្វែងរបស់ពួកគេ ដល់ក្រុមហួទី»។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសអ៊ីរ៉ង់ បានដកស្រង់សម្តីលោក អាមីរ៉ាប់ឌូឡាហៀនថា៖«របបអ៊ីស្រាអែល មិនអាចអនុញ្ញាតឲ្យប្រព្រឹត្តការសម្លាប់រង្គាលស្ត្រី និងកុមារ និងអំពើប្រល័យពូជសាសន៍ នៅតំបន់ហ្កាហ្សា និងដុតបំផ្លាញតំបន់នេះឡើយ ខណៈដែលការបញ្ឈប់នាវាជ្វីហ្វ នៅសមុទ្រក្រហម ត្រូវបានគេមើលឃើញថា មានគ្រោះថ្នាក់ដល់សន្តិសុខនៃផ្លូវទឹកសេដ្ឋកិច្ចនេះ»។
