ពោធិ៍សាត់៖ អាជ្ញាធរស្រុកតាលោសែនជ័យសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុក បានរៀបចំព្រឹត្តិការណ៍ឆ្លងឆ្នាំសកល ឆ្នាំ២០២៣ ឈានចូល ឆ្នាំ២០២៤ ជាលើកដំបូងហើយសម្រាប់ស្រុកមួយនេះ ដែលមានរយៈពេល១យប់២ថ្ងៃ គឺចាប់ពីថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០២៣ ដែលបានប្រារព្ធធ្វើនៅបឹងព្រះពន្លៃ ស្ថិត ក្នុងភូមិផ្ទះរុង ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ដោយមានកីឡាករ និងកីឡាការនីរត់ប្រណាំងជិត៤០០នាក់ជុំវិញបឹងព្រះពន្លៃចម្ងាយ ១០គីឡូម៉ែត្រ និងបោះតង់ក្រោមប្រធានបទ «រួមគ្នាអភិរក្សជីវៈចម្រុះនិងកិច្ចការពារបរិស្ថានធម្មជាតិបឹងព្រះពន្លៃដើម្បីទេសចរណ៍»។
លោក សំ ណារិទ្ធ អភិបាលស្រុកតាលោសែនជ័យមានបានអោយដឹងថា នេះគឺជាលើកទី១ដែលរដ្ឋបាលស្រុកសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាស្រុក និងអាជ្ញាធរមូលដ្ឋាន និងបានការចូលរួមជួយឧបត្ថម្ភទាំងសម្ភារៈនិងថវិកា ពីសប្បុរសជននៅក្នុងមូលដ្ឋាន បានរៀបចំពិធីនេះឡើងដើម្បីឆ្លងឆ្នាំសកល២០២៣ឈានចូល២០២៤ និងអបអរសាទរខួបលើកទី៤៥ ទិវាជ័យជម្នះ ៧មករា១៩៧៩-៧មករា ២០២៤ ។ ព្រឹត្តិការណ៍នេះ មានកម្មវិធីសំខាន់ៗជាច្រើនដូច ការរត់ប្រណាំងជុំវិញបឹងព្រះពន្លៃចម្ងាយ១០គីឡូម៉ែត្រ បោះតង់ អាហារសាមគ្គី បង្ហោះគោម ដុតកាំជ្រូច និងរាំលរងកំសាន្តនៅតាមមាត់បឹង ក្រោមប្រធានបទ « រួមគ្នាអភិរក្សជីវៈចម្រុះ និងកិច្ចការពារបរិស្ថានធម្មជាតិ បឹងព្រះពន្លៃ ដើម្បីទេសចរណ៍» ។
លោកបានបញ្ជាក់ថា គោលបំណងសំខាន់ដែលនាំឱ្យមានព្រឹត្តិការណ៍នេះដើម្បីជំរុញអោយមានកំណើនទេសចរណ៍ មកកម្សាន្ត និងមកសិក្សាស្វែងយល់ពីតំបន់អភិរក្សបឹងព្រះពន្លៃ ដែលជាបឹងធម្មជាតិសម្បូរទៅដោយធនធានធម្មជាតិ និងជីវៈចម្រុះយ៉ាងច្រើន។ ហើយកំណើនភ្ញៀវទេសចរ នឹងជួយលើកស្ទួយដល់សេដ្ឋកិច្ចប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកតាលោកសែនជ័យបន្ថែមទៀត។
លោកអះអាងថា ចំពោះការដើរកំសាន្តលក្ខណៈគ្រួសារក្តី ជាក្រុមៗក្តី ទៅកាន់តំបន់បឹងធម្មជាតិបឹងព្រះពន្លៃនាពេលនេះ ពាក់ព័ន្ធសន្តិសុខសុវត្ថិភាព គឺមិនមានការព្រួយបារម្មណ័ឡើយ ដោយសារតែមានអាជ្ញាធរ សមត្ថកិច្ចដែនដី ពួកគាត់មានការទទួលខុសត្រូវខ្ពស់ ដូច្នេះ ការបោះតង់សម្រាកលំហែកាយ និងទទួលទានអាហារនៅក្នុងតំបន់នោះមានអ្វីភ័យខ្លាចឡើយ។ លោក បន្តទៀតថា នៅទីនេះ យើងមានសេវាកម្មល្អប្រកបដោយផាសុខភាព និងបានគយគុនទេសភាពជុំវិញបឹងព្រមទាំងស្ថានភាព ជីវភាពនិងដំណាំកសិកម្ម និងដំណាំកសិឧស្សាហកម្មរបស់ប្រជាកសិករនៅជំវិញបឹងនោះថែមទៀតផង៕ អត្ថបទ៖ ពៅ ភីរុណ