មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន (Kim Jong Un) និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានប្តេជ្ញាថានឹងអភិវឌ្ឍទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀតនៅក្នុងសារឆ្នាំថ្មីដែលបានផ្ញើជូនគ្នាទៅវិញទៅមកនៅថ្ងៃច័ន្ទ (០១ មករា) នេះ នេះបើយោងតាមសារព័ត៌មាន យ៉ុនហាប់ (Yonhap) របស់កូរ៉េខាងត្បូងបានរាយការណ៍ដោយដកស្រង់ពីវិទ្យុរដ្ឋកូរ៉េខាងជើង។

នៅក្នុងសាររបស់ខ្លួនទៅកាន់លោក ស៊ី លោក គីម បានប្រកាសថាឆ្នាំ២០២៤ ជា «ឆ្នាំនៃមិត្តភាពរវាងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) ជាមួយនឹងប្រទេសចិន» ដែលជាការប្រារព្ធខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) ។

ជាការឆ្លើយតប លោក ស៊ី ក៏បានប្រកាសថា ឆ្នាំនេះនឹងត្រូវបានកំណត់ថាជា «ឆ្នាំនៃមិត្តភាពចិន-កូរ៉េខាងជើង» នេះបើយោងតាមការបញ្ជូនសារជាភាសាអង់គ្លេសដាច់ដោយឡែកពីទីភ្នាក់ងារសារព័ត៌មាន KNCA ។
លោក ស៊ី ក៏បានគូសបញ្ជាក់ផងដែរថា ភាគីទាំងពីរបានរក្សាទំនាក់ទំនងជាយុទ្ធសាស្ត្រយ៉ាងជិតស្និទ្ធ ពង្រឹងកិច្ចសហប្រតិបត្តិការកម្រិតការងារ និងពង្រឹងការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការក្នុងបញ្ហាអន្តរជាតិពហុភាគី។
ខណៈពេលដែលលោកគីម និងលោកស៊ី ធ្លាប់បានផ្លាស់ប្តូរការស្វាគមន៍ក្នុងឱកាសផ្សេងៗទៅវិញទៅមក វាជារឿងកម្រណាស់សម្រាប់មេដឹកនាំទាំងពីររូបនេះក្នុងការផ្ញើសារចូលឆ្នាំថ្មីក្នុងពេលដំណាលគ្នា៕