យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួននឹងដកទាហានបម្រុងមួយចំនួនចេញពីតំបន់ហ្កាហ្សា ខណៈ ប្រតិបត្តិការជើងគោករបស់ខ្លួន នៅតែបន្តនៅក្នុងតំបន់ហ៊ុមព័ទ្ធនោះ។ អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក Daniel Hagari បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យ ថា ទាហានបម្រុងមួយចំនួននឹងត្រឡប់ទៅរកគ្រួសារ និងការងាររបស់ពួកគេវិញ។

លោកនិយាយថា នេះនឹងជួយសម្រាលបន្ទុកយ៉ាងខ្លាំងលើសេដ្ឋកិច្ច និងអនុញ្ញាតឱ្យពួកគេប្រមូលកម្លាំងសម្រាប់សកម្មភាពនៅពេលខាងមុខ។ ប្រព័ន្ធផ្សព្វផ្សាយធំមួយរបស់អ៊ីស្រាអែល Haaretz បានរាយការណ៍ថា យោធាបានដកអង្គភាពមួយចំនួនរួចហើយ ហើយគ្រោងនឹងដកកងទ័ពបន្ថែមទៀត អាស្រ័យលើស្ថានភាព។

អ៊ីស្រាអែល បានកែណ្ឌទាហានបម្រុងចំនួន ៣៦០.០០០នាក់ ជាការឆ្លើយតបទៅនឹងការវាយប្រហារកាលពីខែតុលា ដោយក្រុមអ៊ីស្លាមនិយមហាម៉ាស។ ប៉ុន្តែចំណាត់ការនេះ បានបង្កើនក្តីបារម្ភថា កង្វះកម្លាំងការងារ អាចប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងស្រុក។
ក្រុមអ្នកសង្កេតការណ៍ បាននិយាយថា យោធាទំនងជានឹងកាត់បន្ថយទំហំនៃការដាក់ពង្រាយកងទ័ពរបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សា ខណៈដែលខ្លួនរំពឹងថានឹងមានការប្រយុទ្ធរយៈពេលយូរ។
អាជ្ញាធរសុខាភិបាលនៅក្នុងតំបន់ហ្កាហ្សានិយាយនៅថ្ងៃដដែលនោះថា មនុស្ស ១៥០ នាក់បានស្លាប់ ក្នុងរយៈពេល ២៤ ម៉ោង កន្លងទៅនេះ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបនៅក្នុងតំបន់ហ៊ុមព័ទ្ធនេះឡើងដល់ ២១.៨២២នាក់ ចាប់តាំងពីការចាប់ផ្តើមជម្លោះបច្ចុប្បន្ន។ ស្លាបកងកម្លាំងប្រដាប់អាវុធរបស់ក្រុមហាម៉ាស ជាកងពលតូច Al-Qassam បាននិយាយនៅក្នុងការបង្ហោះលើបណ្តាញផ្សព្វផ្សាយសង្គមនៅថ្ងៃចន្ទនេះថា ខ្លួនបានវាយប្រហារដោយគ្រាប់រ៉ុក្កែតទៅលើទីក្រុង Tel Aviv និងតំបន់ជុំវិញក្នុងប្រទេសអ៊ីស្រាអែល។
កងកម្លាំងការពារជាតិអ៊ីស្រាអែល បានឆ្លើយតបនៅលើបណ្តាញផ្សព្វផ្សាយសង្គមដោយនិយាយថា ក្រុមហាម៉ាស បានសម្រេចចាប់ផ្តើមឆ្នាំ ២០២៤ ដោយបាញ់រ៉ុក្កែតរាំងទៅលើអ៊ីស្រាអែល។
កងកម្លាំងការពារជាតិអ៊ីស្រាអែល និយាយថា ពុំមានឆ្នាំថ្មីដ៏រីករាយនោះទេ រហូតទាល់តែចំណាប់ថ្នូរទាំងអស់ ដែលត្រូវបានចាប់ខ្លួនដោយក្រុមឥស្លាមនិយម ត្រឡប់ទៅដល់លំនៅឋានវិញ។