មន្ត្រីម្នាក់ដែលដំឡើងដោយរុស្ស៊ី នៅក្នុងតំបន់ភាគខាងកើតនៃប្រទេសអ៊ុយក្រែន បាននិយាយថាការបាញ់ផ្លោងរបស់អ៊ុយក្រែនទៅលើទីក្រុងដូណិតស៍្ក (Donetsk) នៅប៉ុន្មានម៉ោងក្នុងពេលព្រឹកព្រលឹមនៃថ្ងៃចូលឆ្នាំថ្មី បានសម្លាប់មនុស្ស ៤នាក់ ខណៈក្រុមមន្ត្រីអ៊ុយក្រែនបាននិយាយថា យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់រុស្ស៊ីលើទីក្រុង អូដេសា (Odesa) ដោយនោះជាការចោទដាក់គ្នាទៅវិញទៅមកម្ដងទៀតនៅក្នុងឆ្នាំថ្មី ដែលសង្រ្គាមកំពុងឈានចូលដល់អាយុកាលពីរឆ្នាំ។

មនុស្ស ១៤នាក់ក៏បានរងរបួសផងដែរនៅក្នុង «ការបាញ់ផ្លោងយ៉ាងធ្ងន់ធ្ងរ» ដោយកងកម្លាំងអ៊ុយក្រែននៅកណ្តាលនៃទីក្រុង ដូណិតស៍្ក នេះបើយោងតាមលោក ដេនីស ភូស៊ីលីន (Denis Pushilin) ប្រធានតំបន់ ដូណិតស៍្ក ដែលត្រូវបានតែងតាំងដោយរុស្ស៊ី ជាទីដែលទីក្រុង ដូណិតស៍្ក ជាមជ្ឈមណ្ឌលរដ្ឋបាល។

លោក អូឡេហ្វ គីភើ (Oleh Kiper) អភិបាលនៃតំបន់ អូដេសា (Odesa) ដែលព័ទ្ធជុំវិញទីក្រុង អូដេសា បាននិយាយនៅលើបណ្ដាញតេឡេក្រាមថា យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់នៅក្នុងការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ីលើកំពង់ផែ អូដេសា (Odesa) ភាគខាងត្បូងអ៊ុយក្រែន។

លោក គីភើ បាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន បានទប់ស្កាត់ការវាយប្រហារដោយយានដ្រូននោះ ប៉ុន្តែកំទេចកំទីដែលបានធ្លាក់ចុះបានបណ្តាលឱ្យមានអគ្គីភ័យជាច្រើនកន្លែងនៅក្នុងអគារលំនៅដ្ឋាននៅក្នុងផ្នែកផ្សេងៗនៃទីក្រុង និងបានធ្វើឱ្យមនុស្សមួយចំនួនរងរបួសផងដែរ៕