ភ្លៀងដ៏ខ្លាំងបានធ្លាក់នៅផ្នែកខ្លះនៃភាគខាងកើតនៃប្រទេសអូស្ត្រាលី នៅថ្ងៃចន្ទ (០១ មករា) នេះដោយបង្កជាទឹកជំនន់ដ៏គំហុក ជន់លិចផ្លូវថ្នល់ និងនាំមកនូវភាពលំបាកបន្ថែមទៀតសម្រាប់អ្នកស្រុកមួយចំនួនបន្ទាប់ពីព្យុះផ្គររន្ទះវាយប្រហារតំបន់នេះកាលពីថ្ងៃបុណ្យណូអែល។

តំបន់ភាគឦសាននៃរដ្ឋ ញ៉ូវសៅវេលស៍ (New South Wales) និងរដ្ឋ ឃ្វីនស៍ឡែន (Queensland) ភាគអាគ្នេយ៍ត្រូវបានវាយលុកដោយប្រព័ន្ធអាកាសធាតុយ៉ាងធ្ងន់ធ្ងរពេញមួយយប់ ដោយទីក្រុងជាច្រើនមានកម្រិតទឹកភ្លៀងធ្លាក់ស្មើនឹងរយៈពេលប្រហែលមួយខែ ក្នុងរយៈពេល ២៤ម៉ោងដល់ព្រឹកថ្ងៃចន្ទនេះ។

ភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតត្រូវបានព្យាករណ៍រហូតដល់ព្រឹកថ្ងៃអង្គារ ជាមួយនឹងកម្រិតទឹកភ្លៀងសរុបត្រូវបានកំណត់លើសពី ២៥០មីលីម៉ែត្រ ច្រើនជាងមធ្យមភាគក្នុងខែមករា។
ឆ្នេរទេសចរណ៍ ហ្គូល ខូស (Gold Coast) ដ៏ពេញនិយមក្នុងរដ្ឋ ឃ្វីនស៍ឡែន ស្ថិតក្នុងចំណោមតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុត ដោយវីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបង្ហាញពីរថយន្តជាប់គាំងនៅក្នុងផ្លូវលិចទឹក និងតំបន់ទំនាបជាច្រើនស្ថិតនៅក្រោមទឹក។

ប្រជាពលរដ្ឋរាប់ពាន់នាក់ក្នុងរដ្ឋ ឃ្វីនស៍ឡែន នៅតែគ្មានអគ្គិសនីប្រើប្រាស់ បន្ទាប់ពីមានព្យុះផ្គររន្ទះកាលពីថ្ងៃទី២៥ និងទី២៦ ខែធ្នូ ដែលបានបណ្ដាលឲ្យបាក់រលំដើមឈើ និងដួលរលំខ្សែបណ្តាញអគ្គិសនី។ ក្រុមអាជ្ញាធរបាននិយាយថា ព្យុះចុងក្រោយនេះអាចពន្យារពេលកិច្ចខិតខំប្រឹងប្រែងតភ្ជាប់អគ្គិសនីឡើងវិញក្នុងទីតាំងដែលប៉ះពាល់៕