ប្រធានក្រុមប្រឹក្សាអធិបតេយ្យភាពបណ្តោះអាសន្នរបស់ប្រទេសស៊ូដង់ និងជាអគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) លោក Abdel Fattah Al-Burhan កាលពីថ្ងៃអាទិត្យ បាននិយាយថា ការបញ្ឈប់សង្គ្រាមនៅស៊ូដង់ នឹងមិនសម្រេចបានឡើយ លុះត្រាតែដកកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) ចេញពី ទីក្រុងទាំងអស់ លំនៅឋានប្រជាជន និងទីស្នាក់ការរដ្ឋាភិបាល។

លោក Al-Burhan បាននិយាយនៅក្នុងសុន្ទរកថាទៅកាន់ប្រជាជនស៊ូដង់ ក្នុងឱកាសខួបលើកទី ៦៨ នៃឯករាជ្យភាពរបស់ប្រទេសស៊ូដង់ ដែលត្រូវបានចាក់ផ្សាយដោយទូរទស្សន៍ផ្លូវការរបស់ប្រទេសស៊ូដង់ថា មានវិធីតែមួយគត់ ដើម្បីបញ្ឈប់សង្គ្រាម ដែលនោះគឺការដកខ្លួនរបស់កងជីវពលឧទ្ទាម ចេញពីរដ្ឋ Gezira និងពីទីក្រុងទាំងអស់របស់ស៊ូដង់ ក្រៅពីការប្រគល់លុយ និងទ្រព្យសម្បត្តិដែលលួចបានពីពលរដ្ឋ និងធនធានរបស់រដ្ឋាភិបាល និងការដកខ្លួនចេញពីលំនៅឋានរបស់ពលរដ្ឋ និងទីស្នាក់ការរដ្ឋាភិបាល។

លោក និយាយថា បទឈប់បាញ់ណាមួយ ដែលពុំមានការធានាដូចបានរៀបរាប់ខាងលើ នឹងមិនមានតម្លៃនោះទេ ខណៈប្រជាជនស៊ូដង់ នឹងមិនទទួលយកដើម្បីរស់នៅក្នុងចំណោមឃាតក ឧក្រិដ្ឋជន និងអ្នកដែលគាំទ្រពួកគេ។
លោក Al-Burhan បានព្រមានប្រទេសជិតខាងរបស់ស៊ូដង់ប្រឆាំងនឹងការគាំទ្រកងកម្លាំងគាំទ្ររហ័ស ផងដែរ។ លោកនិយាយថា លោកនឹងផ្ញើសារទៅកាន់ប្រទេសដែលស្វាគមន៍ឃាតករទាំងនេះ ឱ្យឈប់ជ្រៀតជ្រែកក្នុងកិច្ចការរបស់យើង ព្រោះការផ្តល់ការគាំទ្រណាមួយដល់ការដឹកនាំរបស់ក្រុមឧទ្ទាម ត្រូវបានចាត់ទុកថាជាដៃគូក្នុងឧក្រិដ្ឋកម្ម និងឃាតកម្ម និងបំផ្លាញប្រជាជនស៊ូដង់។