
ប្រទេសជប៉ុនបានចេញការព្រមានអំពីរលកយក្សស៊ូណាមិ បន្ទាប់ពីការរញ្ជួយដីកម្រិត ៧,៦វ៉ិចទ័រ បានវាយប្រហារតំបន់កណ្តាលរបស់ប្រទេស។
ទូរទស្សន៍ជាតិ NHK បានរាយការណ៍ថា អ្នកស្រុកនៅតំបន់ឆ្នេរ Noto ក្នុងខេត្ត Ishikawa ត្រូវបានណែនាំឲ្យ «ជម្លៀសភ្លាមៗទៅកាន់តំបន់ទីទួលខ្ពស់»។ ទូរទស្សន៍នេះ បានបន្ថែមថា រលកកម្ពស់រហូតដល់ ៥ម៉ែត្រ បានទៅដល់តំបន់ឆ្នេ Noto។
អាជ្ញាធរក៏បានចេញការព្រមានអំពីរលកយក្សស៊ូណាមិផងដែរ សម្រាប់ខេត្តជិតខាងគ្នា Niigata និង Toyama ដោយព្រមានថា រលកនៅទីនោះ អាចមានកម្ពស់ដល់ទៅ ៣ម៉ែត្រ។ ទូរទស្សន៍រដ្ឋបានបង្ហាញពាក្យ «EVACUATE» (ជម្លៀសចេញ) ជាអក្សរធំ ដោយជំរុញឲ្យអ្នកស្រុកភៀសខ្លួនទៅកាន់ទីទួលខ្ពស់ទោះបីជាពេលនេះស្ថិតក្នុងអាកាសធាតុរដូវរងាក៏ដោយ។ ជាមួយគ្នានេះ មនុស្សម្នាក៏បានបង្ហោះពីរូបភាពវីដេអូរញ្ជួយដីពីផ្ទះសម្បែងរបស់ពួកគេ និងពីខាងក្នុងស្ថានីយរថភ្លើងក្រោមដីផងដែរ។
ប្រតិបត្តិករថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់ប្រទេសជប៉ុន គឺក្រុមហ៊ុន Kansai Electric បាននិយាយថា «មិនមានភាពមិនប្រក្រតី» ក្នុងរោងចក្រនុយក្លេអ៊ែរនៅក្នុងតំបន់ ដែលរងផលប៉ះពាល់នោះទេ។
ចំណែកឯទីភ្នាក់ងារឧតុនិយមរបស់ប្រទេសកូរ៉េខាងត្បូង បានព្រមានថា រលកយក្សស៊ូណាមិ ដែលមានកម្ពស់រហូតដល់ ០,៣ម៉ែត្រ អាចកើតមាននៅឆ្នេរសមុទ្រភាគខាងកើតនៃប្រទេស ចន្លោះពីម៉ោង ១៨:២៩នាទៅ ដល់ ១៩:១៧នាទី ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ៩:២៩នាទី ដល់ម៉ោង ១០:១៧នាទី ម៉ោងសកល)៕