
ប្រធានាធិបតី លោក Emmanuel Macron (អេម៉ានុយអែល ម៉ាក្រុង) កាលពីថ្ងៃអាទិត្យ (ទី៣១ ខែធ្នូ ឆ្នាំ២០២៣) បានប្តេជ្ញាថា ឆ្នាំ២០២៤ នឹងក្លាយជាឆ្នាំនៃមោទនភាព និងក្តីសង្ឃឹមរបស់ប្រទេសបារាំង ដែលត្រូវបនបាសម្គាល់ដោយព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ នៅទីក្រុងប៉ារីស ឆ្នាំ២០២៤ និងការបើកឡើងវិញនូវវិហារ Notre-Dame បន្ទាប់ពីត្រូវបានអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ។
លោក ម៉ាក្រុង បាននិយាយថា៖ «មានតែម្តងក្នុងមួយសតវត្សរ៍ប៉ុណ្ណោះ ដែលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក មានតែម្តងក្នុងមួយសហស្សវត្សរ៍ប៉ុណ្ណោះ ដែលអាចសាងសង់ព្រះវិហារឡើងវិញ។ ឆ្នាំ២០២៤ គឺជាឆ្នាំនៃការប្តេជ្ញាចិត្ត ការជ្រើសរើស ការងើបឡើងវិញ មោទនភាព។ ការពិត គឺជាឆ្នាំនៃក្តីសង្ឃឹម»។
លោកបាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍នៅមុនការប្រារព្ធពិធីចូលឆ្នាំថ្មី ក្នុងអំឡុងពេលដែលនគរបាលប្រហែល ៩០.០០០នាក់ និងទាហាន ៥.០០០នាក់ នឹងត្រូវដាក់ពង្រាយ ដើម្បីធានាសន្តិសុខ និងដោះស្រាយនូវអ្វី ដែលរដ្ឋាភិបាលហៅថា ជាការគំរាមកំហែងភេរវករ «កម្រិតខ្ពស់»។
លោក Macron បានលើកឡើងថា ប្រទេសបារាំងនឹងបន្ត «បំពាក់អាវុធឡើងវិញ» នៅពេលនិយាយអំពីបញ្ហាសន្តិសុខ ប៉ុន្តែក៏លើកកម្ពស់ការអប់រំសាធារណៈ និងទំនាក់ទំនងសង្គមផងដែរ។ លោកបានព្យាយាមលើកទឹកចិត្តជនជាតិបារាំង បន្ទាប់ពីមាននូវឆ្នាំមួយ ដែលពោរពេញទៅដោយសង្រ្គាម និងវិបត្តិបរទេសផ្សេងៗ ក៏ដូចជាការតវ៉ាលើកំណែទម្រង់ប្រាក់សោធននិវត្តន៍ ដែលមិនទទួលបានការពេញចិត្ត និងអំពើហិង្សាតាមដងផ្លូវ បន្ទាប់ពីនគរបាលបានសម្លាប់ក្មេងជំទង់ម្នាក់ នៅឯចំណតចរាចរណ៍ នាទីក្រុងប៉ារីស៕