
អាជ្ញាធរបាននិយាយថា នគរបាល កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ បានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់បន្ថែមទៀត ជុំវិញការចោទប្រកាន់ថា មានគម្រោងឥស្លាមនិយម ដើម្បីវាយប្រហារវិហារដ៏ល្បីល្បាញ នៅទីក្រុង Cologne របស់ប្រទេសអាល្លឺម៉ង់ នៅថ្ងៃចូលឆ្នាំសកល។
មេនគរបាលទីក្រុង Cologne លោក Frank Wissbaum បានប្រាប់សន្និសីទសារព័ត៌មានថា ក្រុមអ្នកវាយប្រហារ ដែលត្រូវបានចោទប្រកាន់ បានគ្រោងនឹងប្រើប្រាស់រថយន្ត ដើម្បីវាយប្រហារលើអគារ Gothic ដែលមានអាយុកាល ៨០០ឆ្នាំ នៅមាត់ទន្លេ Rhine។
លោក Wissbaum បាននិយាយថា ក្រុមអ្នកស៊ើបអង្កេតបានរកឃើញភ័ស្តុតាង កាលពីល្ងាចថ្ងៃសៅរ៍ (ទី៣០ ខែធ្នូ ឆ្នាំ២០២៣) ដែលភ្ជាប់ទំនាក់ទំនងជនទាំង៣ នោះទៅនឹងបុរសជនជាតិភាគតិចនិយាយភាសាពែរ្សវ័យ ៣០ឆ្នាំម្នាក់ ដោយចោទប្រកាន់ថា មានទំនាក់ទំនងនឹងចលនាសកម្មប្រយុទ្ធរដ្ឋឥស្លាម ដែលត្រូវបានឃុំខ្លួន តាំងពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣។
សូមបញ្ជាក់ថា សន្តិសុខនៅប្រទេសអាល្លឺម៉ង់ នាពេលនេះ កំពុងត្រូវបានរឹតបន្តឹងទាំងនៅក្នុង និងជុំវិញព្រះវិហារ តាំងពីមុនពេលមានការជួបជុំប្រារព្ធពិធីចូលឆ្នាំសកល ខណៈនគរបាលបានប្រាប់សាធារណជនកុំឲ្យមានការព្រួយបារម្ភ ប្រសិនបើពួកគេឃើញមន្ត្រី ដែលមានកាំភ្លើងយន្ត និងពាក់អាវក្រោះ៕