
ប៉ុន្មានវិនាទីបន្ទាប់ស្វាគមន៍ឆ្នាំថ្មី នៅលើផ្លូវដ៏មមាញឹកក្នុងទីក្រុង Tel Aviv យុវជនអ៊ីស្រាអែលមួយចំនួនបានយល់ឃើញថា ពួកគេកំពុងរត់រកកន្លែងលាក់ខ្លួន ខណៈដែលអ្នកផ្សេងទៀត បានបន្តពិធីជប់លៀងជាមួយនឹងការញាក់ស្មា និងក្បាល ក្នុងពេលដែលប្រព័ន្ធការពារមីស៊ីលបានស្ទាក់ចាប់គ្រាប់រ៉ុក្កែតនៅពីខាងលើ។
ការវាយប្រហារ នៅពាក់កណ្តាលអធ្រាត្រ ដែលមនុស្សជាច្រើនកំពុងព្យាយាមបំភ្លេចពីសង្រ្គាម នៅហ្កាហ្សាស្ទ្រីប ហាក់ដូចជាបានបង្ហាញពីភាពធុញទ្រាន់នឹងការប្រយុទ្ធ ដែលកំពុងបន្តមាន ពីសំណាក់ប្រជាជនអ៊ីស្រាអែលវ័យក្មេងជាច្រើន ដែលបានទៅប្រមូលផ្តុំគ្នា ដើម្បីអបអរថ្ងៃចូលឆ្នាំសកល ។
នៅមុខបាមួយ បន្ទាប់ពីមានការបាញ់រ៉ុក្កែត លោក Gabriel Zemelman វ័យ ២៦ឆ្នាំ បាននិយាយថា៖ «យើងទាំងអស់គ្នាភ័យខ្លាចយ៉ាងខ្លាំង។ បេះដូងរបស់ខ្ញុំលោតញាប់ណាស់។ វាមិនដូចជីវិតធម្មតា ដែលអ្នកស្រមៃនោះទេ សូម្បីតែខ្ញុំដែលកើតនៅទីនេះ។ វាគួរឲ្យភ័យខ្លាចណាស់»។
នារីម្នាក់ឈ្មោះ Gelerenter ជានិស្សិតអាយុ ១៧ឆ្នាំ បាននិយាយថា ដំបូងឡើយនាង «ភ័យខ្លាច« មិនហ៊ានចេញមកទេ ប៉ុន្តែទីបំផុតបានសម្រេចចិត្តចូលរួមជាមួយមិត្តភក្តិរបស់នាងដើម្បីអបអរ «ការចាប់ផ្តើមថ្មី» សម្រាប់ឆ្នាំ២០២៤។ ចំណែកតន្ត្រីករម្នាក់ឈ្មោះ Boaz Bates បាននិយាយថា លោកកំពុង «អធិដ្ឋានសុំសន្តិភាព ដើម្បីអោយមនុស្សឈប់ស្អប់គ្នា ហើយរស់នៅជួបជុំគ្នា»។
កងពលតូច Ezzedine al-Qassam ដែលជាស្លាបប្រដាប់អាវុធនៃក្រុមហាម៉ាស បានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារនេះ នៅក្នុងវីដេអូមួយ ដែលត្រូវបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គម ដោយនិយាយថា ពួកគេបានបាញ់គ្រាប់រ៉ុក្កែត M90 ជាការឆ្លើយតបទៅនឹងការសម្លាប់រង្គាលជនស៊ីវិល ដែលធ្វើឡើងដោយអ៊ីស្រាអែល។
កងទ័ពអ៊ីស្រាអែលបានបញ្ជាក់ពីការវាយប្រហារនេះ ដោយមិនបានរាយការណ៍ពីការរងរបួស ឬការខូចខាតជាបឋមឡើយ។ ផ្លូវក្នុងទីក្រុង Tel Aviv កកកុញទៅដោយអ្នកមកប្រារព្ធពិធីស្វាគមន៍ឆ្នាំថ្មី កាលពីថ្ងៃទី៣១ ខែធ្នូ ថ្វីបើសង្គ្រាម នៅតែបន្តកើតមាន ក្នុងតំបន់ហ្កាហ្សា ដែលបានអូសបន្លាយអស់រយៈពេលជិត៣ ខែក៏ដោយ។ សង្រ្គាមនេះត្រូវបានបង្កឡើងដោយការវាយប្រហារដ៏បង្ហូរឈាមរបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ទៅលើប្រទេសអ៊ីស្រាអែល ដែលបានបណ្តាលឲ្យមនុស្សប្រហែល ១,១៤០នាក់ បានស្លាប់ ដែលភាគច្រើនជាជនស៊ីវិល។ ហើយក្រុមសកម្មប្រយុទ្ធក៏បានចាប់មនុស្សប្រហែល ២៥០នាក់ជាចំណាប់ថ្នូរផងដែរ ដែលភាគច្រើននៅតែស្ថិតក្នុងតំបន់ហ្កាហ្សានៅឡើយ៕