
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា ប្រធានាធិបតីចិនលោក Xi Jinping (ស៊ី ជីនពីង) នៅថ្ងៃចន្ទ (ទី១ ខែមករា) នេះ បាននិយាយថា លោកមានឆន្ទៈក្នុងការធ្វើសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីប្រកបដោយស្ថិរភាព ដោយធ្វើការអបអរសាទរទៅវិញទៅមកជាមួយសមភាគីសហរដ្ឋអាមេរិករបស់ខ្លួន នៅថ្ងៃខួបនៃទំនាក់ទំនងការទូត។
លោក ស៊ី និងប្រធានាធិបតីអាមេរិក Joe Biden (ចូ បៃដិន) បានជួបប្រជុំគ្នានៅទីក្រុង San Francisco ក្នុងខែវិច្ឆិកា ដោយបានប្តេជ្ញាថា នឹងធ្វើឲ្យទំនាក់ទំនងប្រសើរឡើង ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការប្រកួតប្រជែងកុំឲ្យរាលដាលទៅជាជម្លោះ។ ហើយនៅក្នុងការផ្ញើសារជូនគ្នាទៅវិញទៅមក ដើម្បីប្រារព្ធខួបលើកទី៤៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំង២ លោក ស៊ី បានលើកឡើងថា ភាគីទាំង២ គួរតែ «ចាត់វិធានការជាក់ស្តែង ដើម្បីលើកកម្ពស់ការអភិវឌ្ឍ ប្រកបដោយស្ថិរភាព រឹងមាំ និងនិរន្តរភាពនៃទំនាក់ទំនងចិន-អាមេរិក»។
ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា លោក ស៊ី ជីនពីង បានសង្កត់ធ្ងន់ថា៖ «ខ្ញុំមានឆន្ទៈក្នុងការធ្វើការជាមួយប្រធានាធិបតី លោក បៃដិន ដើម្បីបន្តទំនាក់ទំនងចិន-អាមេរិក ផ្តល់ផលប្រយោជន៍ទាំងប្រទេសចិន និងសហរដ្ឋអាមេរិក និងប្រជាជនរបស់ពួកគេ ព្រមទាំងលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍន៍ពិភពលោក»។ លោកបានបន្ថែមថា៖ «ការប្រកាន់ខ្ជាប់នូវការគោរពគ្នាទៅវិញទៅមក ការរួមរស់ជាមួយគ្នា ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ គឺជាវិធីដ៏ត្រឹមត្រូវ ទាំងសម្រាប់ប្រទេសចិន និងសហរដ្ឋអាមេរិក ដើម្បីអន្តរកម្ម»។
យ៉ាងណាក្ដី លោក ស៊ី នៅក្នុងសុន្ទរកថាឆ្នាំថ្មីរបស់លោកកាលពីថ្ងៃអាទិត្យ (ទី៣១ ខែធ្នូ ឆ្នាំ២០២៣) ក្រៅពីផ្ញើសារជូនពរទៅកាន់មេដឹកនាំនៃប្រទេសផ្សេងៗហើយនោះ ក៏បានសង្កត់ធ្ងន់ផងដែរថា «ការបង្រួបបង្រួម» របស់ចិនជាមួយកោះតៃវ៉ាន់ គឺជារឿងជៀសមិនរួចនោះឡើយ ដោយបង្ហាញពីសំឡេងខ្លាំងៗជាងអ្វី ដែលលោកធ្លាប់បាននិយាយ កាលពីឆ្នាំមុន ពោលគឺមានរយៈពេលតិចជាង ២សប្តាហ៍ មុនពេលកោះដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យនេះជ្រើសរើសមេដឹកនាំថ្មី៕