ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំរុញលើកកម្ពស់ផលិតភាព គុណភាព និងទីផ្សារ សម្រាប់ផលិតផលកសិកម្ម តាមរយៈការផ្តល់ជំនួញបច្ចេកទេស និងគ្រឿងបរិក្ខារ ដើម្បីចូលរួមចំណែកលើកកម្ពស់ខ្សែច្រវ៉ាក់ផលិតកម្ម។
មានប្រសាសន៍ក្នុងពិធីប្រគល់ និងទទួល កាលពីថ្ងៃទី២១ មិថុនា ឆ្នាំ២០២១ របស់អង្គការហេហ្វឺអន្តរជាតិកម្ពុជា ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងការអរគុណ និងវាយតម្លៃខ្ពស់ចំពោះអង្គការ ដែលបានចូលរួមលើកកម្ពស់ខ្សែ ច្រវាក់ផលិតកម្មបន្លែ និងមាន់ស្រែខ្មែរ របស់សហគមន៍កសិកម្មធានាបានផលិតភាព គុណភាព សុវត្ថិភាព និងទីផ្សារ បង្កើតឱកាសការងារ និងប្រាក់ ចំណូលក្នុងបរិបទនៃការរីករាលដាលជំងឺឆ្លងកូវីដ-១៩។
ឯកឧត្តមសង្ឃឹម និងជឿជាក់ថា អង្គការនឹងបន្តពិនិត្យលទ្ធភាពជួយឧបត្ថម្ភ ដល់សហគមន៍កសិកម្មឲ្យបានកាន់តែច្រើនថែមទៀត ឆ្លើយតបតាមតម្រូវការជាក់ស្តែងនៃការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនបន្លែ ផ្លែឈើ ត្រី សាច់មកកាន់ទីផ្សារ ដើម្បីរក្សាបាននូវគុណភាពស្រស់ ចំណេញពេលកាត់បន្ថយការបាត់បង់ចំនួន ឬ បរិមាណផលិតផល ដែលបណ្តាលមកពីមធ្យោបាយដឹកជញ្ជូន និងទូត្រជាក់សម្រាប់រក្សាទុកដាក់ផលិតផល។ល។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើសុំឲ្យអង្គការបន្តជួយគាំទ្រដល់សហគមន៍ កសិកម្មផ្សេងៗទៀត ដើម្បីចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមលើផលិតភាព គុណភាព សុវត្ថិភាព និងបញ្ហាទីផ្សាររ។ គួរជួយពង្រឹងសមត្ថភាពលើការដឹកនាំ គ្រប់គ្រង បច្ចេកទេសកែច្នៃកសិផល និងការងារទីផ្សារដើម្បីប្រែក្លាយទៅជាសហគមន៍កសិកម្មគំរូ និងសហគ្រិនខ្នាតតូច-មធ្យមនៅជនបទ។
គម្រោងរបស់អង្គការហេហ្វឺអន្តរជាតិ គឺស្តីពី “ការលើកកម្ពស់ផលិតផល មាន់ស្រែខ្មែរសម្រាប់មោទនភាពជាតិខ្មែរ” គឺជាគម្រោងមួយសមស្រប និងមាន លក្ខណៈជោគជ័យខ្ពស់ ដោយសារផលិតផលមាន់ស្រែមានតម្រូវការខ្ពស់ នៅលើទីផ្សារ និងកសិករចិញ្ចឹមមាន់មានជំនាញ បច្ចេកទេសខ្លះរួចមកហើយ និងផ្តល់ទុនវិនិយោគដោយបានការបណ្តុះបណ្តាលពីមន្ត្រីកសិកម្ម និងមន្ត្រីរបស់ អង្គការមិនមែនរដ្ឋាភិបាលនាពេលកន្លងមក៕
អត្ថបទ ៖ ឈិត បូរ៉ាវី






