
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Antara របស់ឥណ្ឌូនេស៊ី បានរាយការណ៍ នៅថ្ងៃចន្ទ (ទី១ ខែមករា) នេះថា ជនជាតិរ៉ូហ៊ីងយ៉ាជាង ១៤០នាក់ បានមកទៅភាគជើងខេត្តស៊ូម៉ាត្រារបស់ប្រទេសឥណ្ឌូនេស៊ី កាលពីចុងសប្តាហ៍ ដោយចំនួននេះបានបន្ថែមទៅលើការកើនឡើងនៃលំហូររបស់សមាជិកជនជាតិភាគតិចមូស្លីមមីយ៉ាន់ម៉ាទៅកាន់ប្រទេសឥណ្ឌូនេស៊ី។
ក្រុមនេះ ដែលភាគច្រើនជាស្ត្រី និងកុមារ បានទៅដល់តំបន់ Deli Serdang នៃភាគខាងជើងកោះស៊ូម៉ាត្រា តាមទូក កាលពីល្ងាចថ្ងៃសៅរ៍ (ទី៣០ ខែធ្នូ ឆ្នា២០២៣)។ នេះបើយោងតាមការរាយការណ៍របស់សារព័ត៌មាន Antara ដែលដកស្រង់សម្តីពីមន្ត្រីនគរបាល។
ការទៅដល់នោះបានកើតឡើងបន្ទាប់ពីយោធាបាននិយាយកាលពីសប្តាហ៍មុនថា នាវាកងទ័ពជើងទឹករបស់ខ្លួន បានបណ្តេញទូកដែលដឹកជនជាតិរ៉ូហ៊ីងយ៉ា នៅក្នុងដែនទឹកបន្ថែមទៀត នៅម្ដុំភាគខាងជើងនៃកោះស៊ូម៉ាត្រា ខណៈដែលជនជាតិភាគតិច ដែលរងការធ្វើទុក្ខបុកម្នេញនេះ ប្រឈមនឹងអរិភាព ដែលកាន់តែខ្លាំងឡើងៗ និងការបដិសេធ នៅក្នុងប្រទេសឥណ្ឌូនេស៊ី។
យោងតាមទិន្នន័យពីទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNCHR) បានឲ្យដឹងថា ជនជាតិរ៉ូហ៊ីងយ៉ាជាង ១.៥០០នាក់ បានទៅដល់ប្រទេសឥណ្ឌូនេស៊ី គិតចាប់តាំងពីខែវិច្ឆិកាឆ្នាំមុន។
អស់រយៈពេលជាច្រើនឆ្នាំហើយ ជនជាតិរ៉ូហ៊ីងយ៉ាបានចាកចេញពីសហភាពមីយ៉ាន់ម៉ា ជាកន្លែងដែលពួកគេជាទូទៅត្រូវបានចាត់ទុកថា ជាអ្នកជ្រៀតជ្រែកបរទេសមកពីអាស៊ីខាងត្បូង ត្រូវបានបដិសេធសញ្ជាតិ និងទទួលរងការរំលោភបំពាន។ ជាធម្មតា ពួកគេធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូនេស៊ី ឬប្រទេសជិតខាងម៉ាឡេស៊ី ចាប់ពីខែវិច្ឆិកា ដល់ខែមេសា នៅពេលដែលសមុទ្រមានសភាពស្ងប់ស្ងាត់ជាងខែផ្សេងៗ៕