
ស្ថានីយ៍រថភ្លើងក្រោមដី ក្នុងទីក្រុង Kanazawa នៅខេត្ត Ishikawa ត្រូវបានជន់លិច បន្ទាប់ពីមានការរញ្ជួយដីដ៏ខ្លាំងមួយ នៅក្នុងប្រទេសជប៉ុន នាថ្ងៃចន្ទ (ទី១ ខែមករា) នេះ។ សាក្សីឃើញផ្ទាល់ភ្នែកម្នាក់ បានថតរូបភាពភក់ នៅលើផ្ទៃរបស់ស្ថានីយ ហើយបានថតរូបភាពវីដេអូពីពេលវេលា ដែលមនុស្សលុតជង្គង់ចុំអង្គុយផ្ទាល់ដីនៅស្ថានីយរថភ្លើងនោះ ខណៈសញ្ញាប្រកាសអាសន្នញ័រនៅពីលើពួកគេ ក្នុងអំឡុងពេលរញ្ជួយដីនោះ។
ការរញ្ជួយដីកម្រិត ៧,៦វ៉ិចទ័រ បានវាយប្រហារភាគកណ្តាលប្រទេសជប៉ុន និងឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេសនេះ ដោយបង្កឲ្យមានការព្រមានដល់ប្រជាជនឲ្យជម្លៀសចេញ ធ្វើឲ្យផ្ទះរាប់ពាន់ខ្នងដាច់ចរន្តអគ្គិសនី និងរំខានដល់ជើងហោះហើរ និងសេវាផ្លូវដែកទៅកាន់តំបន់ ដែលរងផលគ្រោះនោះ។
ទីភ្នាក់ងារឧតុនិយមជប៉ុន បានចេញការព្រមានអំពីរលកយក្សស៊ូណាមិ ចំពោះខេត្តឆ្នេរសមុទ្រ ដែលជាការព្រមានដ៏សំខាន់លើកដំបូង គិតចាប់តាំងពីការរញ្ជួយដី និងរលកយក្សស៊ូណាមិ កាលពីខែមីនា ឆ្នាំ២០១១ ដែលបានវាយប្រហារភាគឦសានប្រទេសជប៉ុន៕