
អគ្គិភ័យដ៏ធំមួយ បានកើតមានឡើងនៅក្នុងទីក្រុង Wajima ក្នុងខេត្ត Ishikawa បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧,៦វ៉ិចទ័រ បានវាយប្រហារភាគកណ្តាលប្រទេសជប៉ុន នៅថ្ងៃចន្ទ (ទី១ ខែមករា) នេះ ដែលបណ្ដាលឲ្យអាគារជាច្រើនខូចខាត និងមានការព្រមានពីរលកយក្សស៊ូណាមិ។
អគ្គិភ័យនេះត្រូវបានគេជឿថា ផ្តើមចេញពីផ្ទះអ្នកស្រុកនៅតំបន់កណ្តាលក្រុង។ គេមើលឃើញអណ្តាតភ្លើង និងផ្សែងពីវីដេអូដែលបានចាក់ផ្សាយតាមទូរទស្សន៍ NHK។ នគរបាល និងអ្នកពន្លត់អគ្គិភ័យ កំពុងតាមរកអ្នករងគ្រោះពីអគ្គិភ័យនេះ។ ខ្សែវីដេអូនោះក៏បានបង្ហាញផងដែរនូវគ្រឿងសង្ហារិម និងទូរទស្សន៍ដែលកំពុងញ័រក្នុងផ្ទះអ្នកស្រុកក្នុងទីក្រុង Nanao។
ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានចេញការព្រមានអំពីរលកយក្សស៊ូណាមិ ចំពោះខេត្តឆ្នេរសមុទ្រ Ishikawa, Niigata និង Toyama ដែលជាការព្រមានដ៏ធំលើកដំបូង គិតចាប់តាំងពីការរញ្ជួយដី និងរលកយក្សស៊ូណាមិកាលពីខែមីនា ឆ្នាំ២០១១ ដែលបានវាយប្រហារភាគឦសានប្រទេសជប៉ុន។ ការរញ្ជួយដីនេះក៏បាននាំឲ្យមានការព្រមានអំពីរលកយក្សស៊ូណាមិ នៅក្នុងប្រទេសកូរ៉េខាងត្បូង កូរ៉េខាងជើង និងរុស្ស៊ីផងដែរ៕