
ប្រជាជនអ៊ុយក្រែននៅក្នុងរដ្ឋធានី នាថ្ងៃចន្ទ (ទី១ មករា) បានសម្តែងពីក្តីសង្ឃឹម ចំពោះការទទួលបានជ័យជម្នះរបស់អ៊ុយក្រែន ក្នុងឆ្នាំថ្មីនេះ ដោយជូនពរឲ្យទាហានរបស់ពួកគេដែលកំពុងប្រយុទ្ធនៅខ្សែត្រៀមជួរមុខ បានវិលត្រឡប់មកលំនៅឋានវិញដោយគ្មានគ្រោះថ្នាក់អ្វីសូម្បីបន្តិច។
ខណៈពេលដែលស្ដ្រីខ្លះបានប្រារព្ធពិធីស្វាគមន៍ឆ្នាំថ្មី ដោយគ្មានប្តីរបស់ពួកគេ ដែលចូលបម្រើជាកងទ័ពរបស់ប្រទេសនោះ អ្នកផ្សេងទៀត ដែលកំពុងបម្រើទ័ព បានសម្តែងការដឹងគុណ ចំពោះប្រជាជន ដែលគាំទ្រកងទ័ព។
កងទ័ពអាកាសអ៊ុយក្រែន បាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram ថា រុស្ស៊ីបានវាយប្រហារដោយយានដ្រូនចំនួន ៩០គ្រឿង ក្នុងរយៈពេលប៉ុន្មានម៉ោង ដែលឈានចូលដល់ថ្ងៃចូលឆ្នាំថ្មីនេះ ដោយប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន បានកម្ទេចអស់ ៨៧គ្រឿង។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានពោលសរសើរដល់ភាពអត់ធន់នៃប្រជាជនរបស់លោក ក្នុងគ្រានៃការបង្ហូរឈាមនេះ នៅក្នុងសុន្ទរកថាឆ្នាំថ្មីដ៏វែងអន្លាយ និងជាពាក្យកាព្យខ្លីៗ ហើយបានប្តេជ្ញាដូចឆ្នាំមុនដែរថា អ៊ុយក្រែនដែលមានសេរីភាព នឹងឈ្នះ៕