តាមរយៈបណ្ដាញសង្គមនាយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្រសួងសាធារណការ និងដឹងជញ្ជូន ជម្រាបជូនដល់សាធារណជនឲ្យស្វែងយល់ពីការចេញចូលគន្លងទាំង៣ប្រភេទ លើផ្លូវល្បឿនលឿនឱ្យបានត្រឹមត្រូវ ដើម្បីជួយកាត់បន្ថយការកកស្ទះ និងមិនបាច់រង់ចាំយូរ។

ក្រសួងបន្តថា សូមបងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ផ្លូវល្បឿនលឿន មេត្តាស្វែងយល់នៃប្រភេទគន្លងនីមួយៗ និងត្រូវដឹងថា រថយន្តរបស់ខ្លួន អាចប្រើប្រាស់គន្លងណាមួយដូចមានក្នុងរូបភាពខាងក្រោម៖
- ប្រសិនរថយន្តបានបំពាក់ឧបករណ៍ OBU នៅលើកញ្ចក់ឡាន និងបានបញ្ចូលទឹកប្រាក់ជាមុនគ្រប់គ្រាន់ បងប្អូនចាំបាច់ត្រូវចូលចេញតាមច្រក ETC ដែលនៅជាប់ច្រក ANPR ។ រថយន្តដែលគ្មានឧបករណ៍ OBU មិនអាចចេញចូលច្រក ETC បានឡើយ ទោះបីជាបានបញ្ចូលទឹកប្រាក់ជាមុនក៏ដោយ។
- ប្រសិនបើបានបញ្ចូលទឹកប្រាក់រួចរាល់ និងគ្រប់គ្រាន់ក្នុងផ្លាកលេខ រថយន្តអាចចេញចូលគន្លងដែលមានសញ្ញា ANPR។ ការប្រើប្រាស់គន្លងនេះមានលក្ខណៈសាមញ្ញ និងងាយស្រួល ដោយមិនតម្រូវឲ្យយកកាត និងមិនប្រើប្រាស់ជាសាច់ប្រាក់ឡើយ។
- ប្រសិនរថយន្តមិនមានឧបករណ៍ OBU និងមិនមានទឹកប្រាក់ក្នុងផ្លាកលេខ សូមបើកបរចូលគន្លង MTC ដែលមានសញ្ញា ។ ការចូលច្រកនេះ នឹងតម្រូវឲ្យយកកាត និងប្រើប្រាស់សាច់ប្រាក់នៅច្រកចេញ។
បងប្អូនអាចបញ្ចូលសមតុល្យទៅក្នុងផ្លាកលេខសម្គាល់យានយន្តជាមុន តាមកម្មវិធីធនាគារក្នុងទូរស័ព្ទដៃ (Mobile Banking) នៃគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដៃគូ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយសូមចូលទៅកាន់វែបសាយដែលភ្ជាប់ទៅកាន់ ធនាគារដែលអាចបញ្ជូលប្រាក់តាមផ្លាកលេខ សម្រាប់ទូទាត់កម្រៃប្រើប្រាស់ផ្លូវល្បឿនលឿនបានតាម https://ew.mpwt.gov.kh ។
ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋអាចពិនិត្យសមតុល្យទឹកប្រាក់ដែលបានបញ្ចូល ឬនៅសល់ ដោយការស្គែន QR Code នៅលើលតាបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ឬ លតាបត្រអនុញ្ញាតសម្រាប់ទោចក្រយានយន្ត។
ទំនាក់ទំនង៖ ព័ត៌មានពីសេវាកម្ម៖ 1399 ព័ត៌មានទូទៅ៖ 1275

