ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃចន្ទ (០១ មករា) ថាទីក្រុងមូស្គូ នឹងបង្កើនការវាយប្រហារកាន់តែខ្លាំងលើគោលដៅយោធាក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីការវាយប្រហារដែលមិនធ្លាប់មានរបស់អ៊ុយក្រែន កាលពីចុងសប្តាហ៍ទៅលើទីក្រុង ប៊ែលហ្កូរ៉ូដ (Belgorod) របស់រុស្ស៊ី។

ការវាយប្រហាររបស់អ៊ុយក្រែនកាលពីថ្ងៃសៅរ៍ ដែលបានសម្លាប់មនុស្ស ២៥នាក់រួមទាំងកុមារ ៥នាក់នោះបានកើតឡើងបន្ទាប់ពីទីក្រុងមូស្គូ បានបើកការវាយប្រហារទ្រង់ទ្រាយធំទៅលើទីក្រុងនានារបស់អ៊ុយក្រែន។

ទន្ទឹមនឹងនេះ ទីក្រុងគីវ បាននិយាយថា ប្រទេសរុស្ស៊ីបានកំណត់គោលដៅលើខ្លួនជាមួយនឹងយានដ្រូនក្នុងចំនួន «ដ៏ច្រើនបំផុតក្នុងកំណត់ត្រា» នៅថ្ងៃចូលឆ្នាំថ្មី។
លោក ពូទីន បាននិយាយក្នុងអំឡុងពេលធ្វើទស្សនកិច្ចទៅមន្ទីរពេទ្យយោធាថា៖ «យើងនឹងបង្កើនការវាយប្រហារឲ្យកាន់តែខ្លាំង។ មិនមានឧក្រិដ្ឋកម្មប្រឆាំងនឹងជនស៊ីវិលណាមួយមិនត្រូវបានដាក់ទោសនោះទេ»។

ការអត្ថាធិប្បាយរបស់ប្រធានាធិបតីរុស្ស៊ីរូបនេះបានកើតឡើងនៅចុងបញ្ចប់នៃសប្តាហ៍ដ៏បង្ហូរឈាមនៅក្នុងប្រទេសអ៊ុយក្រែន ដោយភាគីទាំងពីរបានវាយប្រហារគ្នាទៅវិញទៅមកដោយការវាយប្រហារទ្រង់ទ្រាយធំ។
លោក ពូទីន បាននិយាយថា រុស្ស៊ីនឹងបន្តវាយលុកអ្វីនូវដែលលោកហៅថា «ការដំឡើងយោធា» ដោយលោកបានចោទប្រកាន់កងកម្លាំងអ៊ុយក្រែនថាបានកំណត់គោលដៅ «នៅចំកណ្តាលទីក្រុងជាទីដែលមនុស្សម្នាដើរកម្សាន្តមុនថ្ងៃចូលឆ្នាំសកល» ហើយបានចោទប្រកាន់ថាអ៊ុយក្រែនបាន «វាយប្រហារជនស៊ីវិលដោយចេតនា»៕