មន្ត្រីម្នាក់បាននិយាយកាលពីថ្ងៃចន្ទថា អ៊ីស្រាអែល កំពុងដកកងកម្លាំងមួយចំនួនរបស់ខ្លួនចេញពីតំបន់ហ្កាហ្សា ដើម្បីងាកទៅរកប្រតិបត្តិការដែលមានគោលដៅបន្ថែមទៀតប្រឆាំងក្រុមហាម៉ាស់។

ទាហានទាំងនេះ ត្រូវបានគេមើលឃើញកំពុងជួសជុលឧបករណ៍នៅមូលដ្ឋានក្បែរព្រំដែនតំបន់ហ្កាហ្សា។ មេបញ្ជាការមូលដ្ឋានម្នាក់ បាននិយាយថា ពួកគេនឹងត្រឡប់ទៅតំបន់ហ៊ុមព័ទ្ធវិញក្នុងពេលឆាប់ៗនេះ។
ការផ្លាស់ប្តូរទៅរកប្រតិបត្តិការ «បោសសម្អាត» បានបង្ហាញសញ្ញាពីដំណាក់កាលថ្មីមួយ នៅក្នុងការវាយលុករបស់អ៊ីស្រាអែល ហើយត្រូវបានគេរំពឹងថានឹងមានរយៈពេលជាច្រើនខែ។ មន្ត្រីម្នាក់ និយាយថា ទាហានមួយចំនួន ដែលបានដកចេញពីតំបន់ហ្កាហ្សា នឹងត្រូវបានត្រៀមសម្រាប់ការប្តូរវេនទៅកាន់ព្រំដែនភាគខាងជើងជាមួយប្រទេសលីបង់។

ការកាត់បន្ថយនេះ ក៏នឹងអនុញ្ញាតឲ្យទាហានបម្រុងមួយចំនួនត្រឡប់ទៅរកជីវិតជាជនស៊ីវិលវិញ ដោយជួយទប់ទល់សេដ្ឋកិច្ចដែលញាំញីដោយសង្រ្គាមរបស់អ៊ីស្រាអែល។
សង្គ្រាមនៅតំបន់ហ្កាហ្សា បានពង្រាបទឹកដីភាគច្រើនឲ្យទៅជាកម្ទេចកម្ទី និងបានបណ្តាលឲ្យប្រជាជនរបស់តំបន់នេះចំនួន ២,៣ លាននាក់ធ្លាក់ចូលទៅក្នុងគ្រោះមហន្តរាយមនុស្សធម៌។
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃចន្ទថា សហគមន៍អ៊ីស្រាអែលមួយចំនួននៅភាគខាងជើងតំបន់ហ្កាហ្សា ដែលត្រូវបានជម្លៀសចេញ នឹងអាចវិលត្រឡប់មកវិញក្នុងពេលដ៏ខ្លីខាងមុខនេះ។