ភ្នំពេញ ៖ ភ្លៀងធ្លាក់ជាច្រើនថ្ងៃ នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស បង្កជំនន់ទឹកភ្លៀងប៉ះពាល់ ដល់បណ្តាខេត្តរាជធានីចំនួន១៦ ហើយមានសាលារៀនមួយចំនួនបានជន់លិច និងផ្អាកដំណើរការជាបណ្តោះអាសន្នសិន។ សម្រាប់បញ្ហានេះ ក្រសួងអប់រំយុវជន និងកីឡា បានជំរុញថ្នាក់ដឹកនាំសាលារៀនសហការជាមួយអាជ្ញាធរមូលដ្ឋានរៀបចំរំដោះទឹកចេញពីសាលា និងសូមប្រុងប្រយ័ត្នឲ្យបានខ្ពស់ ។
របាយការណ៍គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃនេះ បានឲ្យដឹងថា ឥទ្ធិពលព្យុះទី១១ បានបង្កប៉ះពាល់ ខេត្តរាជធានីចំនួន១៦ និងបានបង្កជាទឹកភ្លៀងជន់លិច សាលារៀនប្រមាណ៥៥កន្លែង នៅទូទាំងប្រទេស។
អ្នកនាំពាក្យក្រសួងអប់រំ ឯកឧត្តម រស់ សុវាចា ណែនាំឲ្យ បណ្តាសាលារៀនមួយចំនួនដែលជន់លិច សហការជាមួយអាជ្ញាធរមូលដ្ឋាន បូមរំដោះទឹកចេញពីសាលារៀន ដើម្បីអោយសិស្សានុសិស្សចូលរៀនសូត្រវិញអោយបានលឿន។ ឯកឧត្តម ក៏បានអំពាវនាវអោយបណ្តាសិស្សានុសិស្សនិងលោកគ្រូអ្នកគ្រូបង្កើនការប្រុងប្រយ័ត្នក្នុងរដូវភ្លៀងនេះ ដោយត្រូវថែទាំសុខភាព និងត្រូវអនុវត្តវិធានសុវត្ថិភាពទាំងអស់គ្នា ដើម្បីអោយខ្លួនរួចពីការឆ្លងរោគា និងគ្រោះថ្នាក់នានា។
លោក ស្រី ស្រឿន នាយករងវិទ្យាល័យហ៊ុនសែនសេរីភាពនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល និងអាជ្ញាធរមូលដ្ឋាននៅទីនេះ បានប្រាប់BTV នៅថ្ងៃទី១៣ ខែតុលានេះថា ដោយសារក្នុងរយៈពេល២ថ្ងៃនេះ កម្ពុជា មានភ្លៀងធ្លាក់២ថ្ងៃជាប់គ្នា អាជ្ញាធរ និងក្រុមការងារវិទ្យាល័យហ៊ុនសែនសេរីភាព បានបូមទឹកចេញពីសាលារៀន និងផ្នែកខ្លះនៃក្រុងតាខ្មៅ គឺបានស្រកចុះជាងពាក់កណ្តាលហើយសិស្សានុសិស្ស ក៏បានចូលរៀនវិញជាបណ្តើរហើយដែរ។
ដោយឡែក ខណៈដែលសាលារៀនមួយចំនួន កំពុងជន់លិចដោយជំនន់ទឹកភ្លៀងនេះ កាលពីថ្ងៃទី ១២ ខែតុលាក្រសួងអប់រំយុវជននិងកីឡា បានសម្រេចអនុញ្ញាតអោយគ្រឹះស្ថានឧត្តមសិក្សាសាធារណៈទាំងអស់បើកដំណើរការឡើងវិញផងដែរ បន្ទាប់ពីការអនុវត្តបើកសាលារៀនឡើងវិញ ក្នុងដំណាក់កាលទី ២ នៅក្នុងរយៈពេលជាង១ខែកន្លងមកនេះ គឺមានសិស្សថ្នាក់ទី ៩ និងសិស្សថ្នាក់ទី ១២ ទូទាំងប្រទេសបានចូលរៀន ដើម្បីត្រៀមប្រឡង៕
អត្ថបទ ៖ ស៊ុម សុខជា




