ក្រុមមន្ត្រីបាននិយាយថា រថភ្លើងជាង២០គ្រឿង ទៅកាន់រដ្ឋធានីឥណ្ឌាត្រូវបានពន្យារពេលកាលពីថ្ងៃច័ន្ទ (០១ មករា) ដោយសារតែការថយចុះនៃកម្រិតការមើលឃើញដោយសារចុះអ័ព្ទយ៉ាងក្រាស់។ រដ្ឋឥណ្ឌាជាច្រើន រួមទាំងរដ្ឋធានីជាតិ បានមើលឃើញអ័ព្ទដ៏ក្រាស់ ស្របពេលមានការធ្លាក់ចុះនៃសីតុណ្ហភាព។

យោងតាមនាយកដ្ឋានឧតុនិយមឥណ្ឌា (IMD) បានឲ្យដឹងថា ស្រទាប់អ័ព្ទយ៉ាងក្រាស់បានគ្របដណ្តប់លើផ្នែកខ្លះនៃបណ្ដារដ្ឋភាគខាងជើងនៃប្រទេសឥណ្ឌា។ ក្រុមមន្ត្រីបាននិយាយថា រថភ្លើងចំនួន ២១គ្រឿង ដែលធ្វើដំណើរទៅក្រុងដេលី បានពន្យារពេលដោយសារតែស្ថានភាពអ័ព្ទ ដែលបណ្តាលឱ្យអ្នកដំណើររង់ចាំយ៉ាងអន្ទះសារនៅស្ថានីយ៍។ រថភ្លើងជាច្រើនដែលឆ្លងកាត់ស្ថានីយ ដេលី ត្រូវបានពន្យារពេលរហូតដល់ ៤ម៉ោង។

រាជធានីឥណ្ឌាមួយនេះបានទទួលរងអាកាសធាតុត្រជាក់ខ្លាំងនៅថ្ងៃចុងក្រោយនៃឆ្នាំចាស់ ដោយកត់ត្រាសីតុណ្ហភាពអតិបរិមាពេលថ្ងៃគឺ ១៥,៩អង្សាសេ ដែលនោះគឺធ្លាក់កម្រិត ៤អង្សាសេទាបជាងធម្មតា និងទាបបំផុតរហូតមកដល់ពេលនេះក្នុងរដូវកាលនេះ។

យោងតាមនាយកដ្ឋានឧតុនិយមឥណ្ឌាបានឱ្យដឹងថា កាលពីថ្ងៃចន្ទ កម្រិតនៃភាពមើលឃើញបានស្ថិតនៅចម្ងាយ ៧០០ម៉ែត្រនៅតំបន់ សាហ្វដារជុង (Safdarjung) ដែលជាស្ថានីយ៍អាកាសធាតុសំខាន់របស់ទីក្រុងដេលី និងចម្ងាយ ១.២០០ម៉ែត្រនៅតំបន់លំនៅឋាន ផាឡាម (Palam) ក្នុងរដ្ឋធានីរបស់ប្រទេសឥណ្ឌាមួយនេះ៕