ប្រជាពលរដ្ឋ និងអ្នកវិភាគ លើកឡើងថា ការកំណត់ទិវាសន្តិភាពរបស់កម្ពុជា គឺជាស្មារតីជាតិរួមគ្នាបន្តរក្សាសន្តិភាព និងស្ថិរភាពរបស់ប្រទេសកម្ពុជា។
ស្របពេលរាជរដ្ឋាភិបាលចេញអនុក្រឹត្យកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា «ទិវាសន្តិភាពនៅកម្ពុជា» ប្រជាពលរដ្ឋ បានសម្តែងការគាំទ្រចំពោះការកំណត់នេះ ដែលជាការបំផុសដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជនជំនាន់ក្រោយចងចាំជានិច្ចនូវសុខសន្តិភាពពេញលេញ និងការឯកភាពជាតិដែលកម្ពុជាខិតខំរកមកដោយលំបាករហូតមានស្ថិរភាព ការរីកចម្រើនមកដល់បច្ចុប្បន្ន។
ជាមួយគ្នាលោកបណ្ឌិត គិន ភា អ្នកវិភាគនយោបាយ លើកឡើងថា ទិវាសន្តិភាព គឺជាការដាស់ស្មារតីឲ្យប្រជាពលរដ្ឋចងចាំចំពោះសន្តិភាព និងជាសារសន្តិភាពសម្រាប់បណ្តាប្រទេសក្នុងតំបន់ ដើម្បីឲ្យក្លាយជាស្មារតីរួមគ្នាដើម្បីសន្តិភាព ហើយបញ្ជៀសបាននូវសង្គ្រាមទាំងស្រុង។
សូមជម្រាបថា ការកំណត់ ទិវាសន្តិភាពរបស់កម្ពុជា ២៩ ធ្នូ ជារៀងរាល់ឆ្នាំ គឺជាការឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា គឺការស្រឡាញ់សន្តិភាព និងការស្អប់ខ្ពើមសង្គ្រាម ហើយជាការរំលឹកដល់ការសម្រេចបាននូវការបញ្ចប់សង្គ្រាមទាំងស្រុង និងការកសាងបាននូវសន្តិភាព និងឯកភាពជាតិពេញលេញ នៅព្រះរាជាណាចក្រកម្ពុជា ដោយនយោបាយឈ្នះ ឈ្នះ កាលពី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨៕ អត្ថបទ សេក ឧត្តម
