ទីភ្នាក់ងារឧតុនិយមរបស់កូរ៉េខាងត្បូងបាននិយាយថា រលកយក្សស៊ូណាមិដែលមានកម្ពស់ក្រោមមួយម៉ែត្រ បានទៅដល់ឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន បន្ទាប់ពីមានការរញ្ជួយដីដ៏ធំមួយដែលបានវាយប្រហារប្រទេសជប៉ុនកាលពីថ្ងៃចន្ទ ដោយបន្ថែមថាអាចនឹងមានរលកកាន់តែច្រើន និងធំជាងនេះនៅប៉ុន្មានម៉ោងបន្ទាប់ទៀត។

ទីភ្នាក់ងារឧតុនិយមបាននិយាយថា រលកយក្សស៊ូណាមិដំបូងដែលឈានដល់ឆ្នេរសមុទ្រកូរ៉េខាងត្បូងគឺមានកម្ពស់ ៦៧សង់ទីម៉ែត្រ ប៉ុន្តែវាអាចកើនឡើងក្នុងទំហំធំជាងនេះបន្ទាប់ពីរលកដំបូង ហើយអាចបន្តលើសពី ២៤ម៉ោង។

ដោយឡែក កូរ៉េខាងជើងបានចេញការព្រមានអំពីរលកយក្សស៊ូណាមិសម្រាប់ឆ្នេរសមុទ្ររបស់ខ្លួន ដែលអាចមានរលកលើសពី២ម៉ែត្រ នេះបើតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ របស់កូរ៉េខាងត្បូងបានរាយការណ៍ដោយដកស្រង់វិទ្យុរដ្ឋកូរ៉េខាងជើង។ ខេត្ត កាងវ៉ុន (Gangwon) របស់កូរ៉េខាងត្បូងបានព្រមានប្រជាជនឱ្យប្រុងប្រយ័ត្ន និងជម្លៀសខ្លួនទៅកាន់ទីទួលខ្ពស់ នេះបើយោងតាមក្រសួងមហាផ្ទៃ និងសុវត្ថិភាព។

ខេត្តឆ្នេរខាងកើតមួយនេះបានប្រាប់អ្នកស្រុកនៅក្នុងសារប្រកាសអាសន្នឱ្យនៅឱ្យឆ្ងាយពីឆ្នេរសមុទ្រហើយជម្លៀសទៅដីទួលខ្ពស់។ ក្រសួងកូរ៉េខាងត្បូងនេះបានឲ្យដឹងថា ទីក្រុងសំចូក (Samcheok) បានណែនាំឲ្យប្រជាពលរដ្ឋផ្លាស់ទីទៅកាន់តំបន់ដែលខ្ពស់ជាងអគារបីជាន់ដើម្បីសុវត្ថិភាព៕