កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រកាសកាលពីថ្ងៃចន្ទពីការសម្លាប់មេបញ្ជាការក្រុមហាម៉ាស ដែលបានចូលរួមក្នុងការលុកលុយរបស់ក្រុមភេរវកម្មនេះទៅលើអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ដែលជាការវាយប្រហារដែលក្រុមសកម្មប្រយុទ្ធឆ្លងព្រំដែនពីតំបន់ហ្កាហ្សា និងបានសម្លាប់មនុស្សប្រហែល ១.២០០នាក់។

នៅក្នុងការប្រកាសនៅលើបណ្តាញសង្គម X កងកម្លាំងការពារអ៊ីស្រាអែល បាននិយាយថា ខ្លួនបានសម្លាប់លោក Adil Mismah ដែលជាមេបញ្ជាការកងអនុសេនាធំ Nukhba នៅទីក្រុង Deir al-Balah នៃតំបន់ហ្កាហ្សា។

សារព័ត៌មាន Jerusalem Post បានរាយការណ៍ថា លោក Mismah បានដឹកនាំភេរវករ ចូលទៅក្នុងតំបន់ Kibbutz Kissufim និងបានដឹកនាំក្រុមសកម្មប្រយុទ្ធឲ្យបំផ្លិចបំផ្លាញសហគមន៍ kibbutz នៅក្នុងកន្លែងតាំងទីលំនៅ Nirim និង Be'eri។
កងកម្លាំងការពារ បាននិយាយទៀតថា លោក Mismah ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់កងទ័ពអាកាសអ៊ីស្រាអែល ដោយមានជំនួយពីទាហានថ្មើរជើង។
នៅក្នុងការបង្ហោះដដែលនោះ កងកម្លាំងការពារ បានបន្តទៀតថា ខ្លួនវាយប្រហារគោលដៅភេរវកម្ម ដែលគ្រប់គ្រងដោយក្រុមហាម៉ាស និងក្រុមជីហាតអ៊ីស្លាម ដែលបានធ្វើសង្គ្រាម។ ក្នុងអំឡុងពេលប្រតិបត្តិការនេះដែរ ទាហានបានរកឃើញអាវុធដ៏ច្រើនសន្ធឹកសន្ធាប់។