លោកប្រធានាធិបតី វ៉ូឡូមៀ ហ្សេឡិនស្គី (Volodymyr Zelenskyy) បានធ្វើសន្ទនាជាអន្តរជាតិលើកដំបូងរបស់ខ្លួននៅឆ្នាំ ២០២៤ ជាមួយនាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau)។

លោកប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា ពួកគេ បានពិភាក្សាជាចម្បងលើបញ្ហាសន្តិសុខ ដែលលោកបានជូនដំណឹងទៅនាយករដ្ឋមន្ត្រីកាណាដាអំពីការវាយប្រហារដោយមីស៊ីល និងយានដ្រូនរបស់រុស្ស៊ីទៅលើទីក្រុង និងភូមិនានារបស់អ៊ុយក្រែន។

លោកហ្សេឡិនស្គី បានបញ្ជាក់ថា ភាគីទាំងពីរ បានពិភាក្សាការងារលើការធានាសន្តិសុខ ហើយបានព្រមព្រៀងថា ក្រុមរបស់ពួកគេ នឹងបង្កើនកិច្ចសន្ទនាទ្វេភាគី ក្នុងពេលឆាប់ៗនេះ ដើម្បីឈានដល់កិច្ចព្រមព្រៀងដែលពាក់ព័ន្ធ។

មេដឹកនាំអ៊ុយក្រែនរូបនេះ បានថ្លែងថា៖«ខ្ញុំដឹងគុណចំពោះលោកនាយករដ្ឋមន្រ្តី ទ្រូដូ សម្រាប់ឆន្ទៈរបស់លោកក្នុងការជួយពួកយើង ក្នុងការការពារដែនអាកាសរបស់អ៊ុយក្រែន ជាពិសេសតាមរយៈការផ្តល់នូវប្រព័ន្ធការពារដែនអាកាស NASAMS និងមីស៊ីលបន្ថែមទៀត»។
លោកបានបន្ថែមថា ពួកគេក៏បាននិយាយអំពីការរៀបចំកិច្ចប្រជុំទី៤នៃក្រុមទីប្រឹក្សា ដែលកំពុងធ្វើការដើម្បីអនុវត្តរូបមន្តសន្តិភាព ដែលវានឹងប្រព្រឹត្តទៅនៅពាក់កណ្តាលខែមករា នៅទីក្រុង Davos ប្រទេសស្វ៊ីស។