ប្រធានាធិបតីអ៊ុយក្រែនលោក វ្លូឌីមី ហ៊្សេលិនស្គី (Volodymyr Zelenskiy) បាននិយាយថា កងកម្លាំងរុស្ស៊ីកំពុងទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរ ហើយការយល់ឃើញដែលថាទីក្រុងមូស្គូ កំពុងឈ្នះសង្រ្គាមជិតពីរឆ្នាំនេះគឺគ្រាន់តែជា «ការគិតស្មាន» ដែលមិនផ្អែកលើការពិតប៉ុណ្ណោះ។

លោកបានប្រាប់ទស្សនាវដ្តី ដឹអ៊ីកូណូមីស (The Economist) នៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ (០១ មករា) ថា «ទាហានរុស្ស៊ីរាប់សិបម៉ឺននាក់ត្រូវបានសម្លាប់ ហើយគ្មាននរណាម្នាក់យកសពពួកគេចេញនោះទេ» ដោយសំដៅលើការប្រយុទ្ធគ្នាជុំវិញទីក្រុងដែលឡោមព័ទ្ធនៅភាគខាងកើតនៃទីក្រុង អាវឌីវកា (Avdiivka) ដែលលោកបានទៅទស្សនាកាលពីសប្តាហ៍មុន។

លោកហ៊្សេលិនស្គី មិនបានផ្តល់ភស្តុតាងដើម្បីគាំទ្រការអះអាងរបស់លោកទេ ប៉ុន្តែក្រុមអ្នកវិភាគយោធាលោកខាងលិចយល់ស្របថា រុស្ស៊ីកំពុងចំណាយប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ទាហាន និងគ្រឿងយុទ្ធោបករណ៍ដោយទទួលបានការចំណេញតិចតួចប៉ុណ្ណោះនៅភាគខាងកើត និងខាងត្បូងអ៊ុយក្រែន។

ក្រុមមន្ត្រីរុស្ស៊ីបាននិយាយថា ការប៉ាន់ប្រមាណលោកខាងលិចនៃចំនួនអ្នកស្លាប់របស់រុស្ស៊ី គឺជាការបំផ្លើស ហើយតែងតែមើលស្រាលការខាតបង់របស់អ៊ុយក្រែន។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីខែមុនថា ជំហររបស់រុស្ស៊ីកំពុងប្រសើរឡើង ហើយខ្លួននឹងមិនបញ្ឈប់នូវអ្វីដែលលោកហៅថា «ប្រតិបត្តិការយោធាពិសេស» នោះទេរហូតដល់គោលដៅរបស់ខ្លួន រួមទាំង «ការបង្រួបបង្រួម ភាពគ្មានយោធា និងស្ថានភាពអព្យាក្រឹត» របស់អ៊ុយក្រែនត្រូវបានសម្រេច៕