រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ាវ ហ្កាឡាន់ (Yoav Gallant) បាននិយាយកាលពីថ្ងៃចន្ទ (០១ មករា) ថាសហគមន៍អ៊ីស្រាអែលមួយចំនួននៅភាគខាងជើងនៃតំបន់ហ្កាហ្សាស្ទ្រីប ដែលត្រូវបានជម្លៀសចេញបន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា ដោយក្រុមហាម៉ាស នឹងអាចត្រលប់ទៅផ្ទះរបស់ពួកគេវិញក្នុងពេលដ៏ខ្លីខាងមុខ នៅពេលដែលប្រតិបត្តិការយោធាមានការរីកចម្រើន។

លោក ហ្កាឡាន់ បាននិយាយថា សហគមន៍ដែលត្រូវបានជម្លៀសចេញមួយចំនួននៅក្នុងតំបន់ក្នុងចន្លោះពី ៤គីឡូម៉ែត្រទៅ ៧គីឡូម៉ែត្រ ភាគខាងជើងនៃតំបន់ហ៊ុមព័ទ្ធនោះនឹងអាចត្រឡប់ទៅផ្ទះវិញក្នុងពេលឆាប់ៗនេះ នេះបើយោងតាមការលើកឡើងដែលបានចេញផ្សាយពីសន្និសីទសារព័ត៌មានមួយ។

សហគមន៍អ៊ីស្រាអែលដែលនៅជិតតំបន់ហ្កាហ្សា បានជម្លៀសខ្លួនចេញពីតំបន់នោះ ខណៈក្រុមគ្រួសារប៉ាឡេស្ទីនរាប់ម៉ឺននាក់បានរត់ភៀសខ្លួនគេចចេញការវាយលុកដ៏សន្ធាប់កាន់តែខ្លាំងរបស់អ៊ីស្រាអែល ទៅកាន់តំបន់ដែលនៅសេសសល់តិចតួចនៅហ្កាហ្សានោះ ដែលពេញណែនដោយជនភៀសខ្លួនដ៏ច្រើន ខណៈយោធាបានបើកការវាយប្រហារយ៉ាងខ្លាំងក្លានៅទូទាំងភាគកណ្តាល និងភាគខាងត្បូងនៃដែនដីរងការបំផ្លិចបំផ្លាញមួយនេះ៕