ជនអន្តោប្រវេសន៍រាប់រយនាក់ ត្រូវបានដឹកជញ្ជូនតាមយន្តហោះពីរដ្ឋតិចសាស់ មកចុះចតនៅ ទីក្រុង Rockford រដ្ឋ Illinois កាលពីព្រឹកថ្ងៃចូលឆ្នាំថ្មី ទី ១ ខែមករា ឆ្នាំ ២០២៤ ខណៈរដ្ឋនេះ បានបន្តគោលនយោបាយរបស់ខ្លួន ក្នុងការបញ្ជូនអ្នកស្វែងរកសិទ្ធិជ្រកកោនទៅកាន់ទីក្រុងដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា យន្តហោះ Boeing 777 បានចុះចតនៅម៉ោងប្រហែល ១ ព្រឹក នៅអាកាសយានដ្ឋានអន្តរជាតិ Chicago Rockford ដោយដឹកជនអន្តោប្រវេសន៍ចំនួន ៣៥៥ នាក់ ដែលបន្ទាប់មកបានឡើងជិះលើរថយន្តក្រុង។

លោក Greg Abbott អភិបាលរដ្ឋតិចសាស់ បានធ្វើយុទ្ធនាការមួយដើម្បីបញ្ជូនជនអន្តោប្រវេសន៍ រាប់ពាន់នាក់ទៅកាន់ទីក្រុងនានាដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យនៅភាគខាងជើងបន្ថែមទៀត ដើម្បីកាត់បន្ថយភាពតានតឹងនៅតាមទីក្រុងជាប់ព្រំដែនរបស់ខ្លួន និងដើម្បីដាក់សម្ពាធលើគណបក្សប្រជាធិបតេយ្យ។
រដ្ឋតិចសាស់ បាននិយាយថា ខ្លួនកំពុងកំណត់គោលដៅទីក្រុងឈីកាហ្គោ(Chicago) ជា«ទីក្រុងផ្តល់ទីជម្រក» ដែលកំណត់កិច្ចសហប្រតិបត្តិការជាមួយការអនុវត្តច្បាប់អន្តោប្រវេសន៍សហព័ន្ធ។ ការដឹកជញ្ចូន តាមយន្តហោះ កាលពីថ្ងៃច័ន្ទ គឺជាការឆ្លើយតបជាក់ស្តែងចំពោះបទបញ្ជារបស់ទីក្រុង Chicago ដែលបានពិន័យក្រុមហ៊ុនរថយន្តក្រុង ពីការទម្លាក់ជនអន្តោប្រវេសន៍ចុះ ដោយពុំមានការជូនដំណឹងជាមុន។