រថភ្លើងល្បឿនលឿនឬរថភ្លើងក្បាលគ្រាប់កាំភ្លើង របស់ក្រុមហ៊ុន ហូគូរីគុ ហ្សិនកានសេន (Hokuriku Shinkansen)ចំនួន៤គ្រឿង បានទៅដល់ស្ថានីយ៍ បន្ទាប់ពីជាប់គាំងដំណើររយៈពេលប្រហែល ១១ ម៉ោង ដោយសារតែការរញ្ជួយដីដ៏ខ្លាំង វាយប្រហារប្រទេសជប៉ុនភាគកណ្តាល។

សេវារថភ្លើង ត្រូវបានផ្អាកបន្ទាប់ពីរញ្ជួយដីបានវាយប្រហារនៅម៉ោង៤និង១០នាទីរសៀល កាលពីថ្ងៃចន្ទ ដោយបានធ្វើឲ្យជាប់គាំងអ្នកដំណើរប្រហែល ១៤០០នាក់។
រថភ្លើង បានទៅដល់ទាំងស្ថានីយ៍ Toyama និងស្ថានីយ៍ Kanazawa នៅម៉ោង ៤ ព្រឹក នៅថ្ងៃអង្គារ៏នេះ។ អ្នកដំណើរជាច្រើន អាចបន្តជិះនៅលើរថភ្លើង ដើម្បីសម្រាករហូតដល់ប្រតិបត្តិការធម្មតាបន្តឡើងវិញ។

ប្រតិបត្តិករក្រុមហ៊ុនរថភ្លើង បាននិយាយថា រថភ្លើងទាំងអស់នៅរក្សាថាមពល ម៉ាស៊ីនត្រជាក់នៅដំណើរការ ហើយបុគ្គលិកបានផ្តល់អាហារដល់អ្នកដំណើរ។ ក្រុមហ៊ុននិយាយថា ខ្លួនមានផែនការបន្តការផ្អាកសេវាកម្ម រវាងស្ថានីយ Nagano និងស្ថានីយ៍ Kanazawa រហូតដល់ប្រហែលពេលថ្ងៃត្រង់នៅថ្ងៃអង្គារនេះ។