ក្រុមជនជាតិដើមបដិវត្តន៍ម៉ិកស៊ិក ជាកងទ័ពក្រុមឧទ្ទាម Zapatista សម្រាប់ការរំដោះប្រទេស កំពុងអបអរខួបលើកទី ៣០ នៃការបះបោរប្រដាប់អាវុធរបស់ពួកគេ ដែលបានបញ្ចប់ទៅក្លាយជានិមិត្តរូបដំបូងសម្រាប់អ្នកគាំទ្រចលនាប្រឆាំងសកលភាវូបនីយកម្ម។

កាលពីឆ្នាំ ១៩៩៤ សេនាធិការរង លោក Marcos បានដឹកនាំក្រុមបះបោរប្រដាប់អាវុធ នៅក្នុងរដ្ឋ Chiapas ភាគខាងត្បូង និងក្រីក្រ ក្នុងការប្រកាសសង្គ្រាមប្រឆាំងរដ្ឋាភិបាល នៅថ្ងៃដែលរដ្ឋនេះ បើកព្រំដែនចំពោះពាណិជ្ជកម្មសេរី។
ដោយដាក់ឈ្មោះឱ្យវីរបុរសបដិវត្តន៍ម៉ិកស៊ិក អ៊ីមីលាណូ ហ្សាប៉ាតា (Emiliano Zapata)(EZLN) ខណៈក្រុមនេះត្រូវបានគេស្គាល់ ហើយសហគមន៍ Zapatista បានអញ្ជើញអ្នកផ្សេងទៀតឱ្យមកចូលរួមជាមួយពួកគេ និងអបអរនូវអ្វីដែលពួកគេបានចាត់ទុកថាជា «ខួបនៃការចាប់ផ្តើមសង្រ្គាមប្រឆាំងចំពោះការបំភ្លេចចោល» ។

មេដឹកនាំក្រុមបះបោរ លោក Marcos ដែលកាលពីពេលមុនត្រូវបានគេស្គាល់ថា ជាមេបញ្ជាការរង Marcos និងអត្តសញ្ញាណផ្សេងទៀត បានបង្ហាញខ្លួនកាលពីរសៀលថ្ងៃច័ន្ទ នៅក្នុងការប្រារព្ធពិធីអបអរខួបនេះ។ លោក បានពាក់ម៉ាស់ក្លែងបន្លំមុខ ខណៈលោកកំពុងជក់បារីខ្សៀ។ វាជារឿងអាថ៍កំបាំងមួយ ដែលអតីតមេដឹកនាំឧទ្ទាមរូបនេះ មិនត្រូវបានគេឃើញជាសាធារណៈអស់ជាច្រើនឆ្នាំមកហើយ។ ការប្រារព្ធពិធីអបអររយៈពេល ៤ ថ្ងៃ ដែលបញ្ចប់នៅថ្ងៃអង្គារនេះ មានការសម្តែងសិល្បះ របាំ និងកំណាព្យ ឧទ្ទិសដល់ដល់អ្នកដែលបានប្រយុទ្ធក្នុងរយៈពេល ១២ថ្ងៃ ជាមួយកងទ័ពម៉ិកស៊ិក បណ្តាលឲ្យបាត់បង់ជីវិតមនុស្សយ៉ាងហោចណាស់ ១៤០នាក់ ។
ក្នុងអំឡុងពេលនៃការប្រារព្ធពិធីអបអរនេះ ស្ត្រីជាច្រើននាក់បានស្លៀករ៉ូប ដែលប៉ាក់ដោយផ្កាចម្រុះពណ៌ និងគ្រឿងតុបតែង ជាលក្ខណៈនៃសហគមន៍ជនជាតិដើមផ្សេងៗគ្នារបស់ពួកគេ ហើយស្ត្រីផ្សេងទៀត ព្រមទាំងបុរសជាច្រើន បានស្លៀកពាក់ឯកសណ្ឋានបែបយោធា។