WHO៖ អង្គការសុខភាពពិភពលោកបាននិយាយថា ប្រទេសក្រីក្រមួយចំនួនធំដែលបានទទួលវ៉ាក់សាំង Covid-19 តាមរយៈកម្មវិធីចែករំលែកសកល មានមិនគ្រប់គ្រាន់ក្នុងការបន្តកម្មវិធីចាក់ជូនពលរដ្ឋខ្លួនទេ។
ទីប្រឹក្សាជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោក គឺលោកវេជ្ជបណ្ឌិត Bruce Aylward បាននិយាយថា កម្មវិធី Covax បានចែកចាយចំនួន ៩០លានដូសទៅកាន់ ១៣១ប្រទេស។ ប៉ុន្តែលោកបាននិយាយថា ចំនួននេះមិនគ្រប់គ្រាន់ដើម្បីការពារប្រជាជនពីវីរុស ដែលនៅតែបន្តរីករាលដាលពាសពេញពិភពលោកនោះទេ។ ការខ្វះខាតកើតឡើង ស្របពេលដែលប្រទេសមួយចំនួននៅទ្វីបអាហ្វ្រិកបានមើលឃើញរលកឆ្លងទីបី។ កាលពីថ្ងៃចន្ទ ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa បានអំពាវនាវឲ្យប្រទេសអ្នកមានបញ្ឈប់ការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ខណៈរដ្ឋាភិបាលរបស់លោកបានរឹតត្បិតទប់ស្កាត់ករណីឆ្លង ដែលកំពុងកើនឡើងខ្លាំង។
លោក Ramaphosa បាននិយាយថា ក្នុងកម្រិតទ្វីបមួយមានតែវ៉ាក់សាំងចំនួន ៤០លានដូសប៉ុណ្ណោះដែលត្រូវបានប្រើក្នុងទ្វីបអាហ្វ្រិក ដែលមានចំនួនតិចជាង ២% នៃចំនួនប្រជាជន។ ដើម្បីដោះស្រាយបញ្ហានេះលោកបាននិយាយថា រដ្ឋាភិបាលរបស់លោកកំពុងធ្វើការជាមួយគម្រោង Covax ដើម្បីបង្កើតមជ្ឈមណ្ឌលប្រចាំតំបន់មួយ ក្នុងការផលិតវ៉ាក់សាំងបន្ថែមទៀតនៅអាហ្វ្រិកខាងត្បូង។ គម្រោងចែកចាយសកល Covax ត្រូវបានបង្កើតឡើងកាលពីឆ្នាំមុនដើម្បីធានាថា វ៉ាក់សាំងបង្ការជំងឺ Covid-19 ត្រូវបានទទួលនៅទូទាំងពិភពលោក ដោយមានបណ្ដាប្រទេសអ្នកមានឧបត្ថម្ភធនបម្រុង សម្រាប់ប្រទេសក្រីក្រនានា៕
អត្ថបទ៖ សុខមាន