កោះកុង ៖ ខេត្តកោះកុង មានភ្ញៀវទេសចរ មកលេងកម្សាន្តស្នកា់នៅនៅតាមរមណីយដ្ឋានទេសចរណ៍នានាក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំសកល សរុបចំនួន ២៧,០៩០ នាក់ កើនឡើង ១៣,៩២៤ នាក់ ស្មើនឹង ១០៥% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ ។
បើគិតចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០២៣ ដល់ ០១ ខែមករា ឆ្នាំ ២០២៤ ។ យោងតាមរបាយករណ៍របស់មន្ទីរទេសចរណ៍ខេត្តកោះកុង។
ក្នុងចំណោមទេសចរណ៍សរុបខាងលើ គឺមានភ្ញៀវជាតិចំនួន ២៦,៨៦០ នាក់ កើនឡើង ១៣,៨៨០ នាក់ ស្មើនឹង ១០៧% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។ ចំណែកឯភ្ញៀវបរទេសចំនួន ២៣០ នាក់ កើនឡើង ៤៤ នាក់ ស្មើនឹង ២៣% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ ដោយ
លោក សាគុណ ភក្តី មន្រ្តីនៃមន្ទីរទេសចរណ៍ខេត្តកោះកុង លើកឡើងថា មូលហេតុនៃការកើនឡើងនៃចំនួនភ្ញៀវទេសចរ ក៏ព្រោះតែ រដ្ឋបាលខេត្តកោះកុងបានរៀបចំការប្រគុំតន្ត្រី ពិព័រណ៍ផលិតផល និងបាញ់ កាំជ្រួច បូករួមហ្នឹងអាកាសធាតុអំណោយផលល្អ រីឯនៅតាមរមណីយដ្ឋានទេសចរណ៍មួយចំនួនក៏បានរៀបចំកម្មវិធីត្រៀមចូលឆ្នាំសកល ២០២៤ នៅទីតាំងរបស់ខ្លួន។
យ៉ាងណានោះ បរិស្ថាន សណ្តាប់ធ្នាប់ អនាម័យនៅតាមរមណីយដ្ឋានក៏បានរួមចំណែក ទាក់ទាញភ្ញៀវទេសចរផងដែរ ។ ការយកចិត្តទុកដាក់ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ស្ថាប័នពាក់ព័ន្ឋ និងការចូលរួមរបស់ភ្ញៀវទេសចរ ប្រជាពលរដ្ឋបានសម្អាតអនាម័យតាមគេហដ្ឋាន រមណីយដ្ឋាន សហគមន៍ ធ្វើឲ្យមានសោភ័ណភាពល្អប្រសើរ ។
មន្រ្តីទេសចរណ៍ដដែល បន្តថា ចំពោះបញ្ហាសន្តិសុខគឺមិនចោទជាបញ្ហានោះទេ ដោយមានការចូលរួមពីអាជ្ញាធរ ស្ថាប័នពាក់ព័ន្ឋបានដាក់វេនប្រចាំការតាមគោលដៅទេសចរណ៍ និងតាមដងផ្លូវសាធារណៈក្នុងឱកាសពិធីបុណ្យចូលឆ្នាំសកល ។
ក្រៅពីនេះ ក៏មានវិធានការអនុវត្តបន្តជំរុញនិងលើកទឹកចិត្តចំពោះអាជីវកម្ម សេវាកម្មល្អ គោរពតាមការណែនាំរបស់ រដ្ឋបាលខេត្ត ក្រសួងទេសចរណ៍ ក៏ដូចជាមន្ទីរ និងអាជ្ញាធរខេត្តផងដែរ ៕ អត្តបទ ៖ ឈឹម មករា














