
គេហទំព័រព័ត៌មានអ៊ីស្រាអែល Ynet បានរាយការណ៍កាលពីល្ងាចថ្ងៃចន្ទថា ប្រទេសអ៊ីស្រាអ៊ែល បានសម្រេចបង្ហាញខ្លួននៅតុលាការយុត្តិធម៌អន្តរជាតិរបស់អង្គការសហប្រជាជាតិ (ICJ) នៅទីក្រុងឡាអេ ប្រទេសហូឡង់ ក្នុងសវនាការលើសំណុំរឿង ដែលបានប្តឹងដោយប្រទេសអាហ្រ្វិកខាងត្បូង ចោទប្រកាន់ពីបទ «ប្រល័យពូជសាសន៍» នៅក្នុងតំបន់ហ្កាហ្សា។
ទីប្រឹក្សាសន្តិសុខជាតិរបស់អ៊ីស្រាអែល លោក Tzachi Hanegbi បានប្រាប់គេហទំព័រថា អ៊ីស្រាអែលបានចុះហត្ថលេខាលើអនុសញ្ញាប្រឆាំងអំពើប្រល័យពូជសាសន៍រយៈពេលជាច្រើនទសវត្សរ៍មកហើយ ហើយយើងពិតជានឹងមិនធ្វើពហិការចំពោះដំណើរការនេះទេ ប៉ុន្តែក្រោកឈរប្រឆាំងទៅនឹងផែនការបង្ហូរឈាមដែលមិនសមហេតុផលមកលើពួកយើង។
យោងតាមរបាយការណ៍បានឲ្យដឹងថា ការសម្រេចចិត្តនេះត្រូវបានឈានដល់ដោយការពិភាក្សាយ៉ាងហ្មត់ចត់នៅក្នុងប្រទេសអ៊ីស្រាអែល ធ្វើឡើងដោយមន្ត្រីជាន់ខ្ពស់ ដឹកនាំដោយនាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ។
យោងតាមតុលាការ ICJ បានឲ្យដឹងថា សំណុំរឿង ដែលត្រូវបានដាក់បណ្តឹងកាលពីថ្ងៃសុក្រ អះអាងថា «ការរំលោភបំពានដោយអ៊ីស្រាអែលតាមដែលចោទប្រកាន់ចំពោះកាតព្វកិច្ចរបស់ខ្លួនក្រោមអនុសញ្ញាស្តីពីការការពារ និងការដាក់ទណ្ឌកម្មនៃឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ទាក់ទងទៅនឹងពលរដ្ឋប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា ។ ប្រទេសអាហ្វ្រិកខាងត្បូង បានជំរុញឱ្យតុលាការអង្គការសហប្រជាជាតិ មានចំណាត់ការបណ្តោះអាសន្ន ដើម្បីការពារប្រឆាំងការធ្វើឲ្យរងទុក្ខបន្ថែមទៀត ភាពធ្ងន់ធ្ងរ និងមិនអាចជួសជុលបាន ចំពោះសិទ្ធិរបស់ពលរដ្ឋប៉ាឡេស្ទីន ក្រោមអនុសញ្ញាប្រល័យពូជសាសន៍។