
កាលពីឆ្នាំកន្លងទៅនេះ ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលចំនួន ២៥គ្រាប់ រួមមានទាំងមីស៊ីលបាលីស្ទីកអន្តរទ្វីប ជាចំនួនច្រើនបំផុតទីពីរក្នុងកំណត់ត្រា។ ក្រសួងការពារជាតិជប៉ុននិយាយថា ទីក្រុងព្យុងយ៉ាង បានឈានដល់ចំនួនសរុបនេះកាលពីឆ្នាំមុន ក្នុងព្រឹត្តិការណ៍ចំនួន១៨លើក។ ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលចំនួន ៥៩គ្រាប់ កាលពីក្នុងឆ្នាំ ២០២២ ជាកំណត់ត្រាច្រើនបំផុត។
ព្រឹត្តិការណ៍ចំនួន ៥លើក នៅក្នុងឆ្នាំ ២០២៣ ពាក់ព័ន្ធនឹងការបាញ់លំដាប់មីស៊ីលបាលីស្ទីកអន្តរទ្វីប។ ព្រឹត្តិការណ៍ចំនួនបី មានគោលបំណងបាញ់បង្ហោះផ្កាយរណបដោយប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលបាលីស្ទីក។ មីស៊ីល១០គ្រាប់ ជាមីស៊ីលបាលីស្ទីករយៈចម្ងាយជិត និងមីស៊ីលផ្សេងទៀត។ មីស៊ីលប្រភេទបាលីស្ទីកអន្តរទ្វីប(ICBM) នីមួយៗ ត្រូវបានគេជឿថាមានសមត្ថភាពទៅដល់គ្រប់ទីកន្លែងក្នុងសហរដ្ឋអាមេរិក អាស្រ័យលើទម្ងន់ក្បាលគ្រាប់។
ទីក្រុងព្យុងយ៉ាង ត្រូវបានគេជឿថា បានបាញ់មីស៊ីលបាលីស្ទីកអន្តរទ្វីបឥន្ធនៈរឹង ចំនួនបីលើកកាលពីឆ្នាំមុន។ មីស៊ីលឥន្ធនៈរឹង បាញ់បានលឿនជាងមីស៊ីលដែលប្រើប្រាស់ឥន្ធនៈជំរុញរាវ។ កម្មវិធីការពារជាតិរយៈពេលប្រាំឆ្នាំរបស់ប្រទេសកូរ៉េខាងជើង ដែលបានបង្ហាញនៅឆ្នាំ ២០២១ រួមមានការអភិវឌ្ឍន៍មីស៊ីលបាលីស្ទីកអន្តរទ្វីប ICBM ឥន្ធនៈរឹង និងប្រតិបត្តិការផ្កាយរណបចារកម្មយោធា ព្រមទាំងការផលិតអាវុធនុយក្លេអ៊ែរធុនតូច និងស្រាលជាងមុន។
មន្ត្រីការពារជាតិជប៉ុនបាននិយាយថា ទីក្រុងព្យុងយ៉ាង អាចធ្វើការបាញ់មីស៊ីល និងបង្ហោះផ្កាយរណបបន្ថែមទៀតនៅឆ្នាំ ២០២៤នេះ ជាឆ្នាំទីបួននៃកម្មវិធី ដើម្បីសម្រេចបានគោលដៅ។ មន្ត្រី និយាយថា កូរ៉េខាងជើង អាចធ្វើតេស្តនុយក្លេអ៊ែរលើកដំបូងគិតចាប់តាំងពីឆ្នាំ ២០១៧មក។