
ក្រុមប្រឹក្សាប្រឆាំងការលាងសម្អាតប្រាក់របស់ប្រទេសនេះបាននិយាយនៅថ្ងៃអង្គារ (០២ មករា) នេះថា ប្រទេសហ្វីលីពីន មានក្តីសង្ឃឹមថាខ្លួននឹងត្រូវបានដកចេញពី «បញ្ជីពណ៌ប្រផេះជុំវិញការលាងសម្អាតប្រាក់» របស់ក្រុមការងារសកម្មភាពហិរញ្ញវត្ថុ (FATF) ក្នុងឆ្នាំនេះ។
ក្រុមការងារហិរញ្ញវត្ថុ FATF ដែលជាអង្គការអន្តររដ្ឋាភិបាលប្រយុទ្ធប្រឆាំងនឹងការលាងសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម បានបញ្ចូលប្រទេសហ្វីលីពីនទៅក្នុងបញ្ជីប្រផេះក្នុងខែមិថុនា ឆ្នាំ២០២១ សម្រាប់ហេតុផលមួយចំនួនរួមទាំងហានិភ័យនៃការលាងសម្អាតប្រាក់ពីកាស៊ីណូ និងកង្វះការកាត់ទោសចំពោះករណីផ្តល់មូលនិធិភេរវកម្ម។
លោក ម៉ាធូ ដេវីដ (Matthew David) នាយកប្រតិបត្តិនៃក្រុមប្រឹក្សាប្រឆាំងការលាងសម្អាតប្រាក់ បានប្រាប់សន្និសីទសារព័ត៌មាននៅវិមានប្រធានាធិបតីថា ប្រទេសហ្វីលីពីនមិនទាន់បានដោះស្រាយបញ្ហាមួយចំនួនដែលលើកឡើងដោយអង្គការ FATF នៅឡើយទេប៉ុន្តែសង្ឈឹមថាអាចត្រូវដកចេញពីបញ្ជីនេះឆាប់ៗ ហើយកាលណាហ្វីលីពីនស្ថិតក្នុងបញ្ជីប្រផេះ នោះមានឱកាសកាន់តែខ្ពស់ក្នុងការធ្លាក់ចូលក្នុងបញ្ជីខ្មៅ។
ការជាប់ក្នុងបញ្ជីខ្មៅរបស់អង្គការហិរញ្ញវត្ថុ FATF អាចបណ្តាលឱ្យមានតម្រូវការតឹងរ៉ឹងជាងមុន និងថ្លៃប្រតិបត្តិការខ្ពស់ជាងមុនសម្រាប់ប្រជាជនហ្វីលីពីនរាប់លាននាក់ដែលកំពុងរស់នៅ និងធ្វើការនៅបរទេសដែលផ្ញើប្រាក់រាប់ពាន់លានដុល្លារទៅហ្វីលីពីនតាមរយៈការផ្ទេរប្រាក់៕