
តួលេខរបស់រដ្ឋាភិបាលបានបង្ហាញថា ចំនួនជនអន្តោប្រវេសន៍ដែលបានទៅដល់ចក្រភពអង់គ្លេសដោយខុសច្បាប់តាមទូកតូចៗក្នុងឆ្នាំ២០២៣ មានចំនួន ២៩.៤៣៧នាក់ ពោលគឺទាបជាងឆ្នាំមុននោះប្រហែល ៣៦% ។
ក្នុងឆ្នាំ២០២២ មនុស្សចំនួន ៤៥.៧៧៥នាក់ ត្រូវបានគេរកឃើញថាបានធ្វើដំណើរតាមទូកតូចៗទៅកាន់ឆ្នេរភាគខាងត្បូងនៃប្រទេសអង់គ្លេស បន្ទាប់ពីការធ្វើដំណើរដ៏គ្រោះថ្នាក់ឆ្លងកាត់បណ្ដាញផ្លូវសមុទ្រ ដែលជាផ្លូវទឹកដឹកជញ្ជូនដ៏មមាញឹកបំផុតមួយរបស់ពិភពលោក។
នាយករដ្ឋមន្រ្តីអង់គ្លេស លោក រីស៊ី ស៊ុណាក់ (Rishi Sunak) បានដាក់ «ការបញ្ឈប់ទូកអន្តោប្រវេសន៍» ជាអាទិភាពមួយក្នុងចំណោមអាទិភាពកំពូលទាំងប្រាំរបស់ខ្លួន ហើយកំពុងស្វះស្វែងរកការស្តារឡើងវិញនូវផែនការបញ្ជូនជនអន្តោប្រវេសន៍ដែលទៅដល់ចក្រភពអង់គ្លេសដោយខុសច្បាប់ទៅកាន់ប្រទេសរ្វ៉ាន់ដា បន្ទាប់ពីវាត្រូវបានរារាំងដោយតុលាការ។
បច្ចុប្បន្នចក្រភពអង់គ្លេសកំពុងចំណាយច្រើនជាង ៣ពាន់លានផោន ក្នុងមួយឆ្នាំលើដំណើរការពាក្យសុំសិទ្ធិជ្រកកោនជាមួយនឹងការចំណាយសម្រាប់ការស្នាក់នៅក្នុងសណ្ឋាគាររបស់ជនជនអន្តោប្រវេសន៍ដែលរង់ចាំការសម្រេចលើពាក្យសុំសិទ្ធិជ្រកកោន
និងថ្លៃចំណាយលើកន្លែងស្នាក់នៅផ្សេងទៀតដែលកំពុងដំណើរការប្រហែល ៨លានផោនក្នុងមួយថ្ងៃ៕