
សភារបស់ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃចន្ទបានអនុម័តការតែងតាំងរដ្ឋមន្ត្រីក្រសួងថាមពល លោក Israel Katz ជារដ្ឋមន្ត្រីការបរទេសថ្មីរបស់ប្រទេស ដោយជំនួសលោក Eli Cohen នៅក្នុងការរុះរើគណៈរដ្ឋមន្ត្រីដែលបានគ្រោងទុក។
លោក Katz មានអាយុ ៦៨ ឆ្នាំ ដែលកាលពីពេលមុនធ្លាប់ធ្វើជារដ្ឋមន្ត្រីការបរទេសចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ២០២០។ ការវិលត្រឡប់មកកាន់តួនាទីនេះវិញ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងប្តូរវេនផ្ទៃក្នុងនៅក្នុងគណបក្ស Likud របស់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ។
លោក Cohen នឹងរក្សាកៅអីរបស់លោកនៅក្នុងគណៈរដ្ឋមន្ត្រីសន្តិសុខដ៏មានឥទ្ធិពល ហើយមានផែនការដណ្តើមយកមកវិញក្រសួងការបរទេសនៅឆ្នាំ ២០២៦ ប្រសិនបើរដ្ឋាភិបាលបច្ចុប្បន្ននៅតែកាន់អំណាច។
លោក Katz បាននិយាយនៅពេលចូលកាន់តំណែង ដោយសំដៅទៅលើភាពតានតឹងដែលកំពុងកើតមាននៅតំបន់ហ្កាហ្សាថា លោកចូលបំពេញកាតព្វកិច្ចរបស់លោកនៅថ្ងៃនេះ ចំពេលមានសង្រ្គាម។
ការណែនាំដំបូងរបស់លោកចំពោះបុគ្គលិកក្រសួង គឺត្រូវដាក់បញ្ហាចំណាប់ថ្នូរអ៊ីស្រាអែលនៅតំបន់ហ្កាហ្សានៅខាងលើនៃបញ្ជីអាទិភាព។