យោងតាមប្រព័ន្ធផ្សព្វផ្សាយគាំទ្ររដ្ឋាភិបាលស៊ីរី និងអង្គការឃ្លាំមើលសង្គ្រាមបានឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធនៅក្នុងប្រទេសស៊ីរី បានបាញ់មីស៊ីលទៅលើទីតាំងលំនៅឋានរបស់អ៊ីស្រាអែល នៅតំបន់កាន់កាប់ Golan Heights កាលពីថ្ងៃចន្ទ ដោយជំរុញឱ្យមានការបាញ់ផ្លោងសងសឹកពីសំណាក់យោធាអ៊ីស្រាអែល។ ដីធ្វើកសិកម្មក្នុងខេត្ត Daraa ជាប់ព្រំដែនតំបន់ Golan Heights ទទួលរងការបំផ្លាញដោយសារការបាញ់កាំភ្លើងធំរបស់អ៊ីស្រាអែល ហើយការវាយប្រហារនេះ បានកើតឡើងជាការឆ្លើយតបទៅនឹងការបាញ់មីស៊ីលចំនួនបួនគ្រាប់ពីប្រទេសស៊ីរី ចូលទៅកាន់ការទីតាំងលំនៅឋានរបស់អ៊ីស្រាអែលចំនួនពីរកន្លែង។ ការរាយការណ៍និយាយថា ទឹកដីស៊ីរីដែលបានកំណត់គោលដៅគឺនៅក្នុងតំបន់អាងទឹក Yarmouk Basin ភាគខាងលិចខេត្ត Daraa ហើយការបាញ់មីស៊ីលរបស់ស៊ីរីវិញ បានធ្លាក់នៅជិតកន្លែងតាំងលំនៅរបស់អ៊ីស្រាអែលនៅតំបន់ Eliad និងតំបន់ Avnei Etan។
អ៊ីស្រាអែល បានបង្កើនការវាយប្រហារតាមអាកាសទៅលើគោលដៅប្រទេសស៊ីរី ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ស្របពេលជាមួយនឹងយុទ្ធនាការយោធាកំពុងបន្តនៅតំបន់ហ្កាហ្សា។ ក្រសួងការបរទេសស៊ីរី បានថ្កោលទោសការវាយប្រហារកាលពីសុក្រសប្តាហ៍កន្លងទៅនេះ ដោយទាមទារឱ្យមានចំណាត់ការយ៉ាងម៉ឺងម៉ាត់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីបញ្ឈប់អ៊ីស្រាអែល។ សង្រ្គាមស៊ីវិលរយៈពេល ១២ ឆ្នាំ របស់ប្រទេសស៊ីរី បានធ្វើឱ្យរដ្ឋាភិបាលរបស់ប្រធានាធិបតី លោក Bashar al-Assad គាំទ្រដោយប្រទេសរុស្ស៊ី និងអ៊ីរ៉ង់ ប្រឆាំងនឹងក្រុមប្រឆាំងផ្សេងៗ។ ទន្ទឹមនឹងនេះ អ៊ីស្រាអែល បានស្វែងរកជាយូរមកហើយដើម្បីទប់ស្កាត់ប្រទេសអ៊ីរ៉ង់ ពីការបង្កើតវត្តមានយោធានៅក្នុងប្រទេសស៊ីរី ដោយធ្វើការវាយប្រហារតាមអាកាសម្តងហើយម្តងទៀត ដើម្បីដាក់គោលដៅលើការផ្គត់ផ្គង់អាវុធរបស់ប្រទេសអ៊ីរ៉ង់។