
យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចេណ៍ Japan Airlines ត្រូវបានអណ្ដាតភ្លើងឆាបឆេះ នៅឯអាកាសយានដ្ឋាន Haneda ក្នុងទីក្រុងតូក្យូ នៅថ្ងៃអង្គារ (ទី២ ខែមករា) នេះ បន្ទាប់ពីមានការបុកគ្នាជាមួយនឹងយន្តហោះឆ្មាំល្បាតឆ្នេរសមុទ្រ ដោយក្រុមហ៊ុនអាកាសចរណ៍នេះ បានប្រាប់ថា អ្នកដំណើរ និងអាកាសយានិកទាំងអស់ចំនួន ៣៧៩នាក់ ត្រូវបានជម្លៀសដោយសុវត្ថិភាព។
វីដេអូផ្សាយផ្ទាល់តាមរយៈទូរទស្សន៍រដ្ឋ NHK បានបង្ហាញថា យន្តហោះនេះបានផ្ទុះអណ្តាតភ្លើងឡើង ខណៈដែលវាបានរអិលធ្លាក់ចេញពីផ្លូវ បើទោះបីជាក្រុមជួយសង្គ្រោះបានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីគ្រប់គ្រងចំហេះនេះក៏ដោយ។
អង្គភាពឆ្មាំល្បាតសមុទ្រ បាននិយាយថា ខ្លួនកំពុងស៊ើបអង្កេតលើមូលហេតុ ដែលនាំឲ្យយន្តហោះរបស់ខ្លួន ទៅបុកជាមួយយន្តហោះដឹកអ្នកដំណើរនេះ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ NHK បានរាយការណ៍ថា អាកាសយានិក ៥នាក់ ក្នុងចំណោមអាកាសយានិកទាំង ៦នាក់នៃយន្តហោះឆ្មាំឆ្នេរល្បាតសមុទ្រ មិនមានវត្តមានទេ ខណៈដែលម្នាក់ទៀតបានរត់គេចខ្លួន។
អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ Japan Airlines បាននិយាយថា យន្តហោះបានចាកចេញពីអាកាសយានដ្ឋាន Shin-Chitose នៅភាគខាងជើងកោះហុកកៃដូ។ អ្នកនាំពាក្យអាកាសយានដ្ឋាន បានប្រាប់ថា អាកាសយានដ្ឋាន Haneda បានបិទផ្លូវរត់ទាំងអស់ បន្ទាប់ពីមានឧបទ្ទវហេតុនេះ៕