
យោធាអ៊ីស្រាអែល បាននិយាយថា ទាហានអ៊ីស្រាអែល បានសម្លាប់ជនសកម្មប្រយុទ្ធប៉ាឡេស្ទីនចំនួន៥ នាក់ នៅក្នុងការបាញ់ប្រហារគ្នា នៅតំបន់វេសបែង ( West Bank) ដែលគ្រប់គ្រងដោយអ៊ីស្រាអែល កាលពីថ្ងៃអង្គារ។
ពុំមានការអត្ថាធិប្បាយភ្លាមៗពីមន្ត្រីប៉ាឡេស្ទីនទេ។
សេចក្តីថ្លែងការណ៍របស់យោធា បានឲ្យដឹងថា ទាហាននៅក្នុងប្រតិបត្តិការប្រឆាំងភេរវកម្ម បានសម្លាប់ជន សកម្មប្រយុទ្ធប្រដាប់អាវុធចំនួន ៤នាក់ ដែលបានបាញ់មកលើពួកគេពីក្នុងផ្ទះមួយ នៅក្នុងភូមិ Azzun ប៉ាឡេស្ទីន ហើយទាហានអ៊ីស្រាអែលម្នាក់ បានរងរបួស នៅក្នុងការបាញ់តគ្នានោះ។
យោធានេះ បាននិយាយថា នៅក្នុងទីក្រុង Qalqilya ទាហានបានបាញ់សម្លាប់ខ្មាន់កាំភ្លើងម្នាក់ ដែលបានបើកការបាញ់ប្រហារមកលើពួកគេ ខណៈដែលពួកគេ កំពុងធ្វើការវាយឆ្មក់ ដើម្បីរឹបអូសអាវុធ។
កងកម្លាំងសន្តិសុខអ៊ីស្រាអែល បានបង្កើនការវាយឆ្មក់ពាសពេញនៅតំបន់វេសបែង ចាប់តាំងពីការវាយប្រហារ កាលពីថ្ងៃទី៧ ខែតុលា ដោយក្រុមហាម៉ាស នៅអ៊ីស្រាអែលភាគខាងត្បូង និងការវាយលុកជាបន្តបន្ទាប់របស់អ៊ីស្រាអែលឥឡូវនេះ បានផ្ទុះឡើង នៅតំបន់ហ្កាហ្សាស្ទ្រីប។