
អ៊ីស្រាអែល បាននិយាយនៅថ្ងៃអង្គារនេះថា កងទ័ពរបស់ខ្លួន បានសម្លាប់ក្រុមសកម្មប្រយុទ្ធរាប់សិបនាក់នៅភាគខាងជើងនៃតំបន់ហ្កាហ្សាស្ទ្រីប ក្នុងថ្ងៃកន្លងមក ខណៈដែលយន្តហោះ និងរថក្រោះរបស់ខ្លួន បានបង្កើនការវាយប្រហារ នៅភាគខាងត្បូងនៃដែនដីប៉ាឡេស្ទីន។
អ្នកស្រុកបាននិយាយថា ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា ក៏កំពុងផ្ទុះឡើងនៅក្នុងតំបន់កណ្តាលផងដែរ ដោយលើកឡើងពីការបាញ់ផ្លោងដោយរថក្រោះអ៊ីស្រាអែលនៅផ្នែកខ្លះនៃជំរុំជនភៀសខ្លួន Al-Bureij។
សកម្មភាពនេះ បានកើតឡើង បន្ទាប់ពីអ៊ីស្រាអែល បានប្រកាសពីផែនការដកកងទ័ពមួយចំនួនមកវិញ ដែលជាសញ្ញានៃដំណាក់កាលថ្មីមួយ នៅក្នុងសង្គ្រាមជិតបីខែប្រឆាំងនឹងក្រុមហាម៉ាស ចំពេលមានការព្រួយបារម្ភជាសកលអំពីស្ថានភាពរបស់អ្នកស្រុក នៅតំបន់ហ្កាហ្សា។
ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល បានធ្វើឲ្យទឹកដីភាគច្រើនក្លាយជាកម្ទេចថ្ម ដោយសម្លាប់ប្រជាជនប៉ាឡេស្ទីនជិត ២២.000នាក់ និងបានជំរុញប្រជាជនរបស់ខ្លួនចំនួន ២,៣លាននាក់ធ្លាក់ក្នុងងគ្រោះមហន្តរាយមនុស្សធម៌។ មន្ត្រីអ៊ីស្រាអែលនិយាយថា ការវាយលុកនេះ មានរយៈពេលជាច្រើនខែ។