
ប្រាក់យ័នរបស់ចិន នៅថ្ងៃអង្គារ (ទី២ ខែមករា) នេះ បានធ្លាក់ចុះបន្តិចបើធៀបនឹងប្រាក់ដុល្លារអាមេរិក នៅថ្ងៃជួញដូរដំបូងនៃឆ្នាំថ្មីនេះ ដោយសម្ពាធពីការកើនឡើងនៃឱកាស ក្នុងការបន្ធូរបន្ថយរូបិយវត្ថុ បន្ទាប់ពីសកម្មភាពរោងចក្រ បានអះអាងពីស្ថានភាពឡើងចុះមិនទៀងទាត់នៃការងើបឡើងវិញ នៅក្នុងប្រទេសសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោក។
ទិន្នន័យផ្លូវការបានបង្ហាញថា សកម្មភាពផលិតកម្មរបស់ប្រទេសចិន បានធ្លាក់ចុះក្នុងរយៈពេល ៣ខែជាប់គ្នា ក្នុងខែធ្នូ ហើយបានធ្លាក់ចុះខ្លាំងជាងការរំពឹងទុក ខណៈដែលការស្ទង់មតិឯកជនដាច់ដោយឡែកមួយ បានបង្ហាញពីអត្រាកើនឡើងក្នុងល្បឿនលឿនជាងមុន។
អ្នកសេដ្ឋកិច្ច នៅក្រុមហ៊ុន Capital Economics បាននិយាយនៅក្នុងកំណត់ត្រាមួយថា «ការគាំទ្រគោលនយោបាយ គួរនៅតែជាកម្លាំងជំរុញ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ»។
បណ្ដាសេដ្ឋវិទូបាននិយាយថា ការផ្លាស់ប្តូរចុងក្រោយរបស់ធនាគារពាណិជ្ជធំៗ ដើម្បីបន្ថយអត្រាប្រាក់ គួរតែបើកផ្លូវឲ្យមានការកាត់បន្ថយអត្រាការប្រាក់កម្ចីបន្ថែមទៀត។ ពួកគេកំពុងព្យាករពីឱកាស ២០ភាគរយ នៃគោលនយោបាយកាត់បន្ថយអត្រាការប្រាក់ និងការកាត់បន្ថយអនុបាតទុនបម្រុងមួយទៀត (RRR) នៅឆមាសទីមួយនៃឆ្នាំនេះ។
មុនពេលបើកទីផ្សារ ធនាគារកណ្ដាលប្រជាជនចិន (PBOC) បានកំណត់អត្រាចំណុចកណ្តាលនៃការជូញដូរ ប្រមាណដែលប្រាក់យ័នត្រូវបានអនុញ្ញាតឲ្យជួញដូរក្នុងរង្វង់ ២ភាគរយ នៅតម្លៃ ៧,០៧៧០ ក្នុង១ដុល្លារ ពោលគឺខុសគ្នាចំនួន ៥៧សេន ដែលរឹងមាំជាងតម្លៃពីមុន ៧,០៨២៧ ក្នុង ១ដុល្លារ៕